
ផុន ផាន់ណា៖ អ្នកណាមិនចង់ខ្លាំង តែធ្វើម៉េចបើជីវភាពខ្ញុំយ៉ាប់យ៉ឺនបែបនេះ?!
អ្នកណាមិនចង់ខ្លាំង តែធ្វើម៉េចបើជីវភាពខ្ញុំយ៉ាប់យ៉ឺនបែបនេះ?
ពាក្យមួយឃ្លាខាងលើនេះត្រូវបាននិយាយចេញពីមាត់ផ្ទាល់របស់អ្នកប្រដាល់គុនខ្មែរ ផុន ផាន់ណា។ ដោយស្លៀកខោខ្លី ពាក់អាវយឺតពណ៌លឿងរបស់ក្រុមបាល់ទាត់ប្រេស៊ីលព្រមទាំងក្រវាត់ហោប៉ៅដាក់លុយផងនោះ យើងអាចមើលស្គាល់ដោយមិនស្ទាក់ស្ទើរថាគេគឺជាអ្នកប្រដាល់គុនខ្មែរជើងខ្លាំងមួយរូបក្នុងប្រភេទទម្ងន់ ៧០គីឡូឡើង។
នៅក្បែរកីឡាកររូបនេះគឺជារទេះអូសដោយម៉ូតូមួយគ្រឿងដែលជាយានដឹកបបរលក់។
ជាមួយនិងសម្លេងអំពាវនាវតាមមេក្រូដែលប្រកូកប្រកាសអោយដឹងពីប្រភេទទំនិញរបស់ខ្លួន ផាន់ណា ដែលធ្លាប់ឈ្នះខ្សែក្រវាត់៤គ្រឿងក៏កំពុងមមារញឹកក្នុងការលក់បបររបស់ខ្លួនអោយអតិថិជនផងដែរ។
ពេលជួបជាមួយនិងអ្នកយកព័ត៌មានរបស់ MSR ផាន់ណា បានធ្វើការត្អូញត្អែរផងដែរថា «បើរំពឹងទៅលើតែការប្រកួតដែលមិនជាប់លាប់ ប្រពន្ធនិងកូនរបស់គេទាំងពីរច្បាស់ជាគ្មានអ្វីច្រកក្រពះឡើយ»។
កីឡាករអ្នកប្រដាល់គុនខ្មែរមកពីខេត្តកោះកុងរូបនេះក៏បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់យើងទៀតដែរថា «ខ្ញុំដឹងថាមានមតិរិះគន់អំពីសមត្ថភាពរបស់ខ្ញុំដែលកាន់តែធ្លាក់ចុះនាពេលបច្ចុប្បន្ន តែបើខ្ញុំរវល់តែយកពេលវេលាហ្វឹកហាត់ពេក ដោយមិនគិតគូរពីការរកចំណូលបន្ថែម តើខ្ញុំអាចផ្គត់ផ្គង់ក្រុមគ្រួសារដោយរបៀបណា។ ដូច្នេះខ្ញុំមានតែពាក្យអរគុណដល់បងប្អូនជនរួមជាតិដែលនៅតែគិតគូរនិងមិនបានបំភ្លេចរូបខ្ញុំនិងអរគុណដល់បណ្តារអ្នករៀបចំការប្រកួតនៅក្នុងកម្មវិធីប្រដាល់តាមស្ថានីយ៍ទូរទស្សន៍ផងដែរដែលតែងតែផ្តល់ឱកាសអោយខ្ញុំបានប្រកួតជាបន្តបន្ទាប់។ ខ្ញុំនៅមិនទាន់បោះបង់ការប្រកួតលើសង្វៀនទេ ដ៏រាបណាខ្ញុំនៅឈរផ្ទាល់នៅលើដី!»។
សម្រាប់ MSR មានតែជួយចែករំលែកព័ត៌មាននេះដល់ប្រិយ៍មិត្តកម្ពុជាយើងអោយបានដឹងពីជីវភាពរបស់គាត់តែប៉ុណ្ណោះ ហើយបើបានឃើញគាត់ក៏កុំភ្លេចជួយទិញបបរគាត់ផង។