ម៉ាត់ សារ៉ន សម្រេចបិទក្លិបមរតកយុទ្ធគុនខ្មែរ ក្រោយបង្កើតឡើងជាងមួយឆ្នាំ
លោក ម៉ាត់ សារ៉ន ម្ចាស់ក្លិបប្រដាល់ មរតកយុទ្ធគុនខ្មែរ បានសម្រេចចិត្តបិទក្លិប ប្រដាល់របស់ លោកដែលប្រឹងប្រែងបង្កើតឡើងជាងមួយឆ្នាំកន្លងមកក្រោមហេតុផលចាប់គូអោយកូនសិស្សមិន សូវបានឡើងប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ។
លោក ម៉ាត់ សារ៉ន បានបញ្ជាក់ថា លោកពិតជាហត់នឿយខ្លាំងសម្រាប់ការបង្ហាត់កូនសិស្សដើម្បី អោយពួកគេបានបង្ហាញសមត្ថភាព ប៉ុន្តែកូនសិស្សរបស់លោកជាង១៥នាក់ក្នុងមួយខែបានឡើង ប្រកួតតែ១រឺ២នាក់ប៉ុណ្ណោះ ដូចនេះហើយពួកគេម្នាក់ៗដែលខិតខំហាត់៥ទៅ៦ខែមិនមានថវិកា សម្រាប់ចំណាយផ្សេងៗរបស់គេ ហើយក្លិបដែលចិញ្ចឹមពួកគេក៏មិនមានលទ្ធភាពបន្តទៀតដែរ ។
បុរសធ្លាប់បង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនរូបនេះបន្ថែម លោកមិនទាន់បោះបង់ចោលទាំងស្រុងនោះទេ គ្រាន់តែចង់សម្រាកសិនប៉ុណ្ណោះ ហើយលោកនឹងខិតខំវិលមកវិញនៅពេលណាមួយព្រោះតែលោក ស្រលាញ់គុនខ្មែរ ។
សូមបញ្ជាក់ថា ក្លិប មរតកយុទ្ធគុនខ្មែរ មានទីតាំងនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌ័ឬស្សីកែវ បានចាប់ផ្តើមកសាងនៅខែមេសា ឆ្នាំ២០១៧ ដោយចំណាយ អស់ជិត១ម៉ឺនដុល្លារ ហើយប្រាក់ទាំងនោះគឺលោកសន្សំបានពីការបង្ហាត់គេនៅប្រទេសជប៉ុន ៕