ព្រះខ័នរាជស្វាយរៀង ថាអាចជាការទាក់ទាញមួយពេលដាក់យុវជនជំនួសកីឡាករជាប់ពិន័យ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រើប្រាស់យុវជនរបស់ខ្លួនជំនួសកីឡាករដែលជាជម្រើសដំបូងរបស់ក្លិបក្រោយសហព័ន្ធបាល់ទាត់កម្ពុជាចេញលិខិតដាក់ពិន័យកីឡាករច្រើននាក់ពាក់ព័ន្ធទៅការប្រើហិង្សាក្នុងជំនួបជាមួយ ក្រសួងការពារជាតិ កាលពីចុងសប្តាហ៍ ។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែមិថុនា លោក អោក សំណាង អគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្ហើបថាជារឿងពិបាកខ្លាំងពេលបាត់បង់កីឡាករល្អដែល ជាជម្រើសដំបូងរបស់ក្លិប ដូចនេះត្រូវដាក់យុវជនដែលពួកគេអាចមានសមត្ថភាព គ្រប់គ្រាន់ក្នុងការលេងនៅលើទីលានជំនួសកីឡាករដែលជាប់ពិន័យ ។ លោកបន្តថា ដល់ពេលនេះយើងអាចនិយាយបានថាជាការអាណិតអាសូរសម្រាប់ក្លិបយើង ហើយវាក៏អាច ជាការទាក់ទាញមួយដែរពេលយើងត្រូវប្រើប្រាសយុវជនអោយចូលលេង ។
សូមបញ្ជាក់ថា គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចនៅថ្ងៃទី៧ខែមិថុនានេះថា កីឡាករ សុក សំណាង, អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា, ហួយ ផល្លីន, អោម ឧត្ដម និងគ្រូជំនួយ សួន ធួន របស់ក្លិបព្រះខ័នរាជស្វាយរៀង រងទណ្ឌកម្មមិនឱ្យចូលរួមប្រកួតពាន់រង្វាន់មិត្តហ្វូនខេមបូឌានលីគ២០១៨ យ៉ាងតិច៣ខែនិងពិន័យជាប្រាក់ម្នាក់៥០ម៉ឺនរៀល ពីបទចូលរួមក្នុងជម្លោះវាយតប់លើទីលានកាលពីថ្ងៃទី៣ខែមិថុនា ។ សម្រាប់បញ្ហានេះក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងកំពុងត្រៀមបណ្ដឹងឧទ្ធរណ៍ចំពោះការដាក់ពិន័យកីឡាករមួយចំនួនផងដែរ ។
សម្រាប់ការប្រកួតលីកកំពូលកម្ពុជាថ្ងៃសៅរ៍ ទី ០៩ មិថុនា នេះព្រះខ័នរាជស្វាយរៀង ត្រូវជួប ក្រុមខ្លាំងវិសាខា នាកីឡដ្ឋានវេស្ទើនភ្នំពេញចាប់ពីម៉ោង ៣.៣០ នាទីរសៀលតទៅ ដោយអវត្តមានកីឡាករសំខាន់ៗជាច្រើនរូប ៕