
បញ្ចប់ចំណង់ Real Madrid ខ្សែប្រយុទ្ធ Harry Kane សម្រេចចុះកុងត្រាបន្តលេងនៅ Spurs ៦ឆ្នាំទៀត
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Harry Kane សម្រេចចុះកុងត្រាបន្តនៅលេងជាមួយក្រុម Tottenham Hotspur ៦ឆ្នាំ ក្នុងអត្រាប្រាក់ឈ្មួល គុណនឹង ២ ដែលមានតំលៃប្រមាណជា ៩០លានផោន ឬ ប្រមាណ ១២០លានដុល្លារ។ ការប្រកាសបន្តយ៉ាងច្បាស់លាស់នេះ គឺបន្ទាប់ពីមានដំណឹងល្ហិចល្ហៀង កាលពីពេលកន្លងមកថា ម្ចាស់ក្លឹបអធិរាជស Real Madrid ចង់បាន Harry Kane ទៅលេងជាមួយខ្លួន។
ក្នុងពិធីចុះហត្ថលេខាបន្តជាមួយ Harry Kane កាលពីថ្ងៃសុក្រ អ្នកចាត់ការទូទៅ លោក Mauricio Pochettino និងប្រធានក្លឹប លោក Daniel Levy បានឲ្យដឹងថា ពួកលោកក៏គ្រោងនឹងរក្សាទុកខ្សែបម្រើ Dele Alli និង Christian Eriksen ឲ្យបានគង់វង្សផងដែរ។
Harry Kane បាននិយាយនាឱកាសនោះថា ៖ «ខ្ញុំពិតជារំភើបចិត្តណាស់ ថ្ងៃនេះជាថ្ងៃដ៏មានមោទនភាពសម្រាប់ខ្ញុំ។ ខ្ញុំកំពុងតែសម្លឹងមើលទៅថ្ងៃអនាគតជាមួយក្លឹប ជាមួយនឹងកីឡដ្ឋានថ្មី ជាមួយថ្នាក់ដឹកនាំ និងគ្រប់គ្នាក្នុងក្លឹប។ អ្វីដែលពិសេស គឺរឿងនេះ កើតឡើងនៅមុនការប្រកួត World Cup ដែលធ្វើឲ្យខ្ញុំកាន់តែមានទឹកចិត្តបន្ថែមទៀត»។
គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៦ Kane បានព្រមព្រៀងជាមួយ Spurs ក្នុងតំលៃខ្លួន 110,000ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែបន្ទាប់ពី Spurs គ្រោងប្តូរកីឡដ្ឋានថ្មី លោក Levy បានសម្រេផ្តល់តំលៃខ្លួនយ៉ាងខ្ពស់ ដល់ Kane ដែលអាចបញ្ជូលទីបាន ៤១គ្រាប់ កាលពីរដូវកាលមុន។ តាមការទម្លាយតំលៃខ្លួនរបស់ Kane ដោយ MailOnline បានបង្ហាញថា Kane អាចមានប្រាក់ឈ្មួលថ្មី 200,000ផោន ក្នុងមួយសប្តាហ៍ ហើយបើគិតបូករួមទាំងថ្លៃ រង្វាន់លើកទឹកពេលគេស៊ុតបញ្ជូលទីផ្សេងៗ គឺគេអាចរកបានដល់ទៅជិត 300,000ផោន ក្នុងមួយសប្តាហ៍។
ម្ចាស់ក្លឹប Tottenham សន្យាថា នឹងឲ្យប្រាក់ ១០០លានផោន ដើម្បីជួយ Pochettino រៀបចំក្រុមខ្លាំងមួយ សម្រាប់ប្រកួតប្រជែង នៅរដូវកាលក្រោយ។ ក្រៅពីនោះ គេក៏នឹងមានកញ្ចប់ទឹកប្រាក់បន្ថែម ដែលបានពីការលក់ Toby Alderweireld និង Danny Rose។ មន្ត្រីផ្លូវការរបស់ Spurs កំពុងធ្វើការដើម្បីនាំយក កីឡាករ Anthony Martial ពី Manchester United ហើយគេក៏កំពុងចាប់អារម្មណ៍ខ្សែការពារក្រុម Ajax កីឡាករ Matthijs deLigt ផងដែរ។ ជាមួយគ្នា Spurs ត្រូវបានបង្ហើបឲ្យដឹងថា កំពុងទាក់ទងក្រុម Aston Villa ក្នុងតំលៃ ៤០លានផោន ដើម្បីនាំយកខ្សែបម្រើ Jack Grealish មករួមក្រុម៕