ក្លឹបនៅ Premier League នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មបើសិនជាហ៊ានធ្វើរឿងមួយនេះ!!
ក្លឹប Premier League នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេព្យាយាមទទួលយកការឧបត្ថម្ភ ឬចុះកិច្ចព្រមព្រៀងផ្ទេរប្រាក់ជាមួយក្រុមហ៊ុន អង្គការ ឬក្រុមផ្សេងទៀតដែលមានម្ចាស់ ឬដៃគូតែមួយ។
កាលពីខែមុន ក្លឹបនីមួយៗនៅក្នុងលីគបានបោះឆ្នោតដើម្បីរឹតបន្តឹងច្បាប់លើប្រតិបត្តិការភាគីពាក់ព័ន្ធ ដែលអាចរួមបញ្ចូលកិច្ចព្រមព្រៀងជាមួយក្រុមបាល់ទាត់ផ្សេងទៀតដែលមានម្ចាស់តែមួយ។ ឥឡូវនេះសៀវភៅណែនាំរបស់ Premier League ចែងថា “ក្លឹបបានយល់ព្រម (ទៅលើច្បាប់ប្រតិបត្តិការភាគីពាក់ព័ន្ធ) ដែលជាឧបករណ៍ចាំបាច់មួយក្នុងការរក្សានូវប្រសិទ្ធភាពស្តីពីផលចំណេញ និងនិរន្តរភាព ដោយធានាបាននូវភាពត្រឹមត្រូវនៃការចំណាយនិងចំណូលដែលត្រូវបានរាយការណ៍ដោយក្លឹបនីមួយៗក្នុងគោលបំណងនៃការអនុលោមតាមច្បាប់”។
ក្លឹបមួយដែលគេជឿថាជា Manchester City បានប្រកែកថាច្បាប់ថ្មីអាចនឹងធ្វើឲ្យមានការរាំងស្ទះដល់ការប្រកួតប្រជែងនៅក្នុងលីគតែទោះបីជាយ៉ាងណា Premier League ទទូចថាពួកគេនឹងទទួលយកច្បាប់មួយនេះដោយពេញលេញ។ បទប្បញ្ញត្តិថ្មីត្រូវបានចេញកាលពីឆ្នាំ 2021 ដែលចែងថាកិច្ចព្រមព្រៀងឧបត្ថម្ភមកកាន់ក្លឹបដែលមានតម្លៃលើសពី 1 លានផោននឹងត្រូវបញ្ជូនទៅសហព័ទ្ធ Premier League ដើម្បីពិនិត្យមើលថាវាមិនមែនជាប្រតិបត្តិការជាមួយ “ភាគីពាក់ព័ន្ធ” នោះទេ។ ទាំងនេះត្រូវបានយល់ព្រមដោយក្លឹបផ្សេងៗប៉ុន្តែត្រូវបានប្រឆាំងដោយ Newcastle United និង Manchester City ។
នៅក្រោមច្បាប់មុន ប្រសិនបើ Premier League សង្ស័យថាប្រតិបត្តិការគឺមកពី “ភាគីពាក់ព័ន្ធ” នោះវានឹងធ្វើ “ការវាយតម្លៃតម្លៃទីផ្សារដោយយុត្តិធម៌” ដើម្បីកំណត់ថាតើតម្លៃរបស់វាមានការបំប៉ោងដែរឬទេ។ កាលពីខែវិច្ឆិកាឆ្នាំមុន Premier League ទទួលបានការគាំទ្រ ១៣សម្លេងក្នុងចំណោម ២០ក្លឹប។