Ten Hag ឱ្យ Martial ហាត់ដាច់ដោយឡែក
Erik ten Hag បានសុំឱ្យ Anthony Martial ហ្វឹកហាត់ដាច់ដោយឡែក។ កីឡាកររូបនេះមិនបានបង្ហាញខ្លួនក្នុងក្រុមរបស់ Manchester United អស់រយៈពេលជាងមួយខែមកហើយ។
ចាប់តាំងពីកាចាញ់ Bournemouth ៣ទល់នឹង០ កាលពីថ្ងៃទី០៩ ខែធ្នូ Anthony Martial ត្រូវបានលោក Erik ten Hag ទុកចោលអស់៨ប្រកួតជាប់ៗគ្នាពីគ្រប់កម្មវិធី។ បន្ទាប់ពីស្មើ ២-២ ជាមួយក្រុម Tottenham កាលពីថ្ងៃទី១៤ ខែមករា អតីតគ្រូបង្វឹក Ajax រូបនេះបានបង្ហើបថា កម្លាំងកាយសម្បទារបស់ខ្សែប្រយុទ្ធបារាំង មិនទាន់ល្អគ្រប់គ្រាន់ទេ។
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Ten Hag មិនបានអនុញ្ញាតឱ្យ Martial ហ្វឹកហាត់ជាមួយក្រុមមួយរយៈ។ លោកមិនពេញចិត្តនឹង Martial ហើយជឿថាមូលដ្ឋានរាងកាយរបស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំគឺស្ថិតក្នុងកម្រិតទាបជាងស្តង់ដារ៕