គ្រូសមាគមបាល់ទាត់ក្រសួងមហាផ្ទៃភ្ញាក់ផ្អើលចំពោះចំនួនយុវជនមកតេស្ដ U18
លោក ស៊ុំ វណ្ណា គ្រូបង្គោលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានបង្ហាញភាពភ្ញាក់ផ្អើលដែលមានយុវជនជាច្រើនបានចូលរួមកម្មវិធីធ្វើយុវជនអាយុក្រោម១៨ឆ្នាំដែលប្រព្រឹត្តទៅចំនួន២ថ្ងៃពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
យុវជនជាង៤៥០នាក់មកពីជិត២៥រាជធានីខេត្តបានមកធ្វើនៅទីលានហ្វឹកហាត់របស់ក្លិបនៅផ្លូវជាតិលេខ១ជិតបុរីប៉េងហួតច្បារអំពៅ។
លោក ស៊ុំ វណ្ណា មើលឃើញថា យុវជនទាំងនោះជាច្រើនមានសមត្ថភាព និងកាយសម្បទាល្អ មិនចាញ់អ្នករាជធានីនោះទេ។ លោកថា នេះជាផែនការរបស់ក្លិបដើម្បីត្រៀមប្រកួតពានរង្វាន់យុវជនសហព័ន្ធ។
ចំណែកឯកឧត្តម ឈន សារ៉ាណេ ដែលជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានលើកទឹកចិត្តយុវជនឱ្យប្រឹងប្រែងអស់ពីសមត្ថភាព និងលេងកីឡាដើម្បីចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ មិនតែប៉ុណ្ណោះ ឯកឧត្ដមសង្កត់ធ្ងន់ថា យុវជនទាំងអស់ក៏ត្រូវធ្វើជាកូនល្អ សិស្សល្អ ដើម្បីជាបង្គោលដល់គ្រួសារ និងសសរទ្រូងប្រទេសជាតិ៕