អភិបាលក្រុង London និយាយថាវាឆាប់ពេកហើយដែលត្រូវប្រកួត Premier League វិញ
(BC-99)
អភិបាលក្រុង London លោក Sadiq Khan បាននិយាយថាវាលឿនជាងការគិតទៅទៀតអំពីការវិលត្រលប់មកវិញសម្រាប់ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League នៅរាជធានីមួយនេះ។
បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថារាល់សកម្មភាពប្រកួតកីឡាអាចនឹងវិលត្រឡប់មកវិញតែជាលក្ខណៈបិទទ្វារនៅខែមិថុនានេះក្របខ័ណ្ឌ Premier League ក៏កំពុងបន្តការពិភាក្សាលើគំរោងវឹលមកវិញជាមួយនឹងកាលបរិច្ឆេទមិនអោយលើសពីថ្ងៃទី ១២ ខែមិថុនា។
ការបញ្ចប់រដូវកាលប្រកួត ២០១៩/២០ នៅលើទឹកដីកណ្តាលគឺជាសំណើរមួយដ៏សំខាន់ដែលត្រូវបានដាក់អោយពិភាក្សា ក្នុងខណៈពេលដែលចៅហ្វាយក្រុង London លោក Khan បានចេញមុខប្រឆាំងនឹងគំនិតដែលបានដាក់យកទីក្រុងដែលខ្លួនកាន់កាប់យកទៅធ្វើជាកន្លែងប្រកួតព្រោះទីក្រុងនេះត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid 19 ដែរ។
អ្នកនាំពាក្យរបស់លោក Khan បានប្រាប់កាសែត Evening Standard ថា “Sadiq ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្របខ័ណ្ឌ Premier League និងប្រភេទកីឡាអាជីពឯទៀត។ តែឋិតក្នុងបរិបទដែលកំពុងតែមានវិបត្តិសេដ្ឋកិច្ចដោយសារតែមនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ថ្ងៃលោកយល់ថាវាឆាប់ពេកហើយដែលនឹងត្រូវពិភាក្សាអំពីការបន្តនៃក្របខ័ណ្ឌ Premier League ដែលនឹងត្រូវប្រកួតនារាជធានីនេះ”។
ការពិតទៅលោក Sadiq Khan ក៏ជាអ្នកគាំទ្រម្នាក់របស់ហង្សក្រហម Liverpool ដែរដែលចង់អោយ Premier League វិលត្រឡប់មកវិញដើម្បីអោយក្រុមរបស់លោកអាចបំពេញគ្រប់លក្ខខណ្ឌក្នុងការក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលមួយនេះ ប៉ុន្តែវាអាចកើតឡើងបាននៅពេលណាដែលស្រុកទេសមានសុវត្ថិភាពពីជំងឺឆ្លងតែប៉ុណ្ណោះ។