ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃយកបានមេដាយច្រើនជាងគេពីជើងឯកថ្នាក់ជាតិ
ក្រុមកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤ គ្រឿងពីព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។ ក្នុងនោះមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿង ខេត្តកំពង់ឆ្នាំងឈរលេខ២ ដោយដណ្ដើមបានមេដាយសរុប ១៣ គ្រឿង ដណ្តើមមេដាយមាស ៥ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរឹទ្ធ ៣ គ្រឿង រីឯខេត្តក្រចេះដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និង គ្រឿងសំរឹទ្ធ ៧ សរុប ១០គ្រឿង និងក្រសួងការពារជាតិដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿងសរុប ២គ្រឿង ។
ឯកឧត្ដម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានលើកទឹកចិត្ត និងជំរុញឲ្យថ្នាក់ដឹកនាំ សហព័ន្ធបន្ដការខិតខំប្រឹងប្រែងនិងដកស្រង់ បទពិសោធបច្ចេកទេស ពីរាល់ការប្រកួតអន្ដរជាតិ និងបង្កើនសមត្ថភាពអាជ្ញា កណ្ដាល-ចៅក្រម និងគ្រូបង្វឹក គ្រូជំនួយដើម្បីយកចំណេះដឹង និងបទពិសោធន៍ ទាំងអស់មកបង្ហាត់បង្រៀន និងពង្រឹងកីឡាករ-កីឡាការិនី ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្ពោះទៅប្រជែងមេដាយជូនជាតិបន្ថែមទៀត ពិសេសការប្រកួតកីឡា SEA GAME ២០២៥លើកទី៣៣ នៅប្រទេសថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។
ឯកឧត្ដមបន្តថា ដើម្បីជំរុញការរៀបចំ ឲ្យប្រភេទកីឡា កាយសម្ព័ន្ធ កាន់តែរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ឆ្ពោះ ទៅសម្រេចគោលដៅការប្រកួតទាំងអស់ ដូចជាបណ្ដុះបណ្ដាល កីឡាករកីឡាការិនីថ្នាល តាមកម្រិតអាយុ និងបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់។ ពង្រឹងសមត្ថភាពចៅក្រោមមន្ដ្រីបច្ចេកទេសគ្រូបង្វឹកនិងគ្រូជំនួយឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ។
ឯកឧត្ដម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រតិភូ មន្ដ្រីបច្ចេកទេស មានកីឡាករ-កីឡាការិនីជាង ១០០នាក់ មកពី ៨ក្លិប ស្មើនឹង ៤រាជធានី-ខេត្តចូលរួម ។ យោងតាមការវាយតម្លៃបច្ចេកទេស កីឡាករ-កីឡាការិនីទាំងអស់មានកា រកើនឡើងផ្នែកបច្ចេកទេសជាងឆ្នាំមុននិង មានកិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធយ៉ាងល្អប្រសើរ ដែលជំរុញឲ្យការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕