សិក្ខាកាម៥១នាក់បញ្ចប់វគ្គបណ្ដុះបណ្ដាលកីឡាទាញព្រ័ត្រដោយជោគជ័យ
វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ត្រូបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃ។
ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៦ថ្ងៃ និងបានធ្វើឲ្យសិក្ខាកាមទាំងអស់យស់ដឹងអំពីបច្ចេកទេស ក្នុងការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសសហព័ន្ធ និងបានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានមកចូលរួមរៀនវគ្គបណ្តុះបណ្តាល នេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅចប់ដោយរលូន និងទទួលបានជោគជ័យ។
លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានជម្រាបជូនថា យោងតាមផែនការកសាងធនធានមនុស្សប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ជាគោលការណ៍ពីឯកឧត្តមបណ្ឌិតប្រធានសហព័ន្ធឱ្យសហព័ន្ធ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ សិក្ខាកាមចូលរួមវគ្គនេះមានចំនួនសរុប ៥១នាក់ (បុរស ២៨នាក់ និងនារី ២៣នាក់) ហើយឆ្លងតាមការសិក្សារយៈពេល០៦ថ្ងៃកន្លងមក ឃើញថាសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពី គោលបំណងនៃវគ្គ ទាំងទ្រឹស្ដី ការធ្វើតេស្តសាកល្បង និងការវាយតម្លៃ ដោយគ្រូឧទ្ទេសសិក្ខាកាម គឺល្អណាស់ ២០ភាគរយ, ល្អ ៤០ភាគរយ, មធ្យម ៣០ភាគរយ និងខ្សោយ ១០ភាគរយ។
លោក ចាប រតនា ក៏បានបង្ហាញពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងនោះវគ្គបានរៀបចំផែនការកម្មវិធី ឯកសារបណ្តុះបណ្តាលបានល្អបានការយកចិត្តទុកដាក់ខិតខំព្យាយាមចូលរួមសិក្សាពីសិក្ខាកាម ហើយវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅតាមការគ្រោងទុកទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាទាន់ពេលវេលា ហើយសិក្ខាកាមមានការយកចិត្តទុកដាក់ទទួលបានចំណេះដឹងបន្ថែម និងទទួលខុសត្រូវខ្ពស់៕