គ្រូពេទ្យ ថា សុខភាព Lindelof ប្រសើរវិញហើយ ក្រោយមានបញ្ហាបេះដូងលោតញាប់
ក្នុងការប្រកួតតទល់ Norwich City នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ Victor Lindelof បានបន្ទន់ជង្គង់លើទីលានក្នុងនាទី៧០ ដោយយកដៃរឺតទ្រូង និងត្រូវបានផ្លាស់ប្ដូរជំនួសដោយ Eric Bailly ក្នុងនាទី៧៤។
មុនប្ដូរចេញ លោកអាជ្ញាកណ្ដាលបានផ្អាកការប្រកួតដើម្បីឲ្យក្រុមការងារពេទ្យចូលសង្គ្រោះបឋម។
ក្រោយការប្រកួត លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Manchester United ប្រាប់ថា Lindelof មិនទាំងចាំថា ខ្លួនឯងអត់ស្រួលខ្លួនអ៊ីចឹងផង។ លោកគិតថា អាចមកពីគេប៉ះទង្គិចជាមួយកីឡាករណាម្នាក់ ហើយក៏មានបញ្ហា។ គេត្រូវបានជួយសម្រួលផ្លូវដង្ហើមប្រហែល១០នាទី។ ចង្វាក់បេះដូងរបស់គេឡើងខ្ពស់ជាងធម្មតា។ គេជ្រួលច្របល់មិនដឹងធ្វើម៉េច។ ក្រោយការប្រកួត ក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងល្អិតល្អន់ ហើយអ្វីៗបានប្រសើរវិញហើយ។
ចំណែកអ្នកចាំទី David de Gea បានបង្ហាញការព្រួយបារម្ភចំពោះមិត្តរួមក្រុម ដោយលទ្ធផលមិនសំខាន់ណាស់ណាទេ ហើយពួកគេក៏ធ្លាប់ករណីរបស់ Christian Eriksen និង Sergio Aguero ដែរ។ គេសង្ឃឹមថា Lindelof សុវត្ថិភាព។
មុនចេញពីទីលាន Lindelof លេងបានល្អ ដោយជួយសង្គ្រោះបាន៣ដង ប្រជែងជោគជ័យបាន២ដង និងប៉ះបាល់៦៣ដង៕