
ក្រុមហ៊ុនមួយប្រកាសឈប់ឧបត្ថម្ភ Santos ក្រោយក្លិបនេះចុះកុងត្រា Robinho
ក្រុមហ៊ុនមួយដែលជាដៃគូ sponsor ក្លិបបាល់ទាត់ Santos បានសម្រេចចិត្តលុបចោលកិច្ចសន្យាឧបត្ថម្ភ ក្រោយក្លិបលីគកំពូលប្រេស៊ីលនេះជ្រើសយក Robinho ។
លោក Richard Sant Adam ប្រធានផ្នែកឧបត្ថម្ភប្រចាំក្រុមហ៊ុនខាងលើបាននិយាយថា “យើងគោរពប្រវត្តិសាស្រ្តរបស់ Santos ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការឧបត្ថម្ភដល់ក្លិប ពីព្រោះទស្សនិកជនគោលដៅរបស់ក្រុមហ៊ុន គឺជាស្ត្រី។ យើងមិនបានទទួលការជូនដំណឹងណាមួយពីការជ្រើសរើស Robinho ពីក្លិប Santos ទេ។ ការផ្ទេរនេះធ្វើឲ្យក្រុមហ៊ុនភ្ញាក់ផ្អើល” ។
Robinho ធ្លាប់ជាកីឡាករមានឈ្មោះល្បីល្បាញលើពិភពបាល់ទាត់។ ទោះយ៉ាងណា គេធ្លាប់មានរឿងអាស្រូវធំ។ នៅឆ្នាំ ២០១៧ តុលាការនៅប្រទេសអ៊ីតាលីបានកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំបន្ទាប់ពីកីឡាករ និងបុគ្គល ៥ នាក់ទៀតត្រូវបានរកឃើញថាមានពិរុទ្ធភាពពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្លិបរាត្រីនាក្រុង Milan ។ ឧប្បត្តិហេតុនេះបានកើតឡើងតាំងពីឆ្នាំ ២០១៣។
យោងតាមគេហទំព័រ Globo Esporte ក្រុមហ៊ុនឧបត្ថម្ភ Santos មានការព្រួយបារម្ភថាការមកដល់របស់ Robinho នៅ Santos អាចជះឥទ្ធិពលអាក្រក់ដល់យីហោនេះ។ ដូច្នេះពួកគេបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងជាមួយក្លិបប្រេស៊ីល។
ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបាននិយាយថាអ្នកឧបត្ថម្ភរបស់ Santos ជាច្រើនក៏មានការព្រួយបារម្ភផងដែរ។ ពួកគេមិនដឹងពីរបៀបបន្តធ្វើការជាមួយក្លិបនេះទេ។
Robinho ដែលធ្លាប់លេងនៅ Real Madrid បានទទួលយកប្រាក់ខែដ៏ទាបនៅពេលចុះកុងត្រាជាមួយ Santos ជាក្រុមដែលចាប់ផ្តើមហ្វឹកហាត់បាល់ទាត់អាជីពរបស់គេ។
យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថា Robinho បានចុះកិច្ចសន្យារយៈពេល ៥ ខែ ដោយទទួលបានប្រាក់ឈ្នួលត្រឹម២៧១ដុល្លារក្នុងមួយខែខ្ពស់ជាងប្រាក់ចំណូលមធ្យមបន្តិចសម្រាប់មនុស្សម្នាក់នៅប្រេស៊ីល៕