នាយកប្រតិបត្តិ PSG និយាយថា ក្លឹបមិនចាំបាច់ខំប្រឹងរឿងបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Neymar ទៀតឡើយ
នាយកប្រតិបត្តិ Paris Saint-Germain លោក Lernardo បាននិយាយនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា ក្លឹបមិនចាំបាច់ខំប្រឹងរឿងបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Neymar ទៀតឡើយ ព្រោះភាគីទាំង២បានព្រមព្រៀងគ្នារួចរាល់អស់ហើយ នៅឡើយតែការចុះកុងត្រាផ្លូវការតែប៉ុណ្ណោះ។
ដោយឡែកយោងតាមសារព័ត៌មាន L’Équipe របស់បារាំងបានចុះផ្សាយថា ភាគីទាំងសងខាងបានសម្រេចលើលក្ខខ័ណ្ឌផ្សេងៗជាមួយគ្នាអស់ហើយ ដោយកុងត្រារបស់អតីតយុវជន Santos នឹងបន្លាយបន្ថែមរហូតដល់ឆ្នាំ២០២៧តែម្តង ខណៈការប្រកាសជាផ្លូវការគឺនឹងធ្វើឡើងមុនជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័តជាមួយនឹង Manchester City នៅពានរង្វាន់ UEFA Champions League។
អតីតគ្រូបង្វឹក AC Milan បន្ថែមថា៖ “ប្រញ៉ាប់រឿងបន្តកុងត្រាថ្មីជាមួយ Neymar? ខ្ញុំគិតថាយើងមិនត្រូវការបង្ខំទេ ព្រោះអ្វីៗយើងបានព្រមព្រៀងគ្នាហើយ ដូចនេះយើងរងចាំតែពេលវេលាសមស្របមកដល់តែប៉ុណ្ណោះ។”
ការបន្តកុងត្រាថ្មីរបស់កីឡាករពាក់អាវលេខ១១ខាងលើនេះគឺជារឿងវិជ្ជមានមួយផងដែរសម្រាប់ក្រុមលោក Mauricio Pochettino ដោយអាចនឹងធ្វើឱ្យខ្សែប្រយុទ្ធ Kylian Mbappe ក៏សម្រេចចិត្តបែបនេះដូចគ្នាក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធក្រុមសាំបាប្រេស៊ីល បានសម្រេចការផ្លាស់ពី FC Barcelona មកកាន់ PSG ក្នុងតម្លៃខ្លួនឯតទគ្គកម្មពិភពបាល់ទាត់២២២លានអឺរ៉ូ ខណៈកំលោះកូន១រូបនេះទទួលបានថ្លៃនឿយហត់៣៦.៨លានអឺរ៉ូក្នុង១ឆ្នាំ ដោយក្នុង១សប្តាហ៍ទទួលបាន៧សែនអឺរ៉ូ។