Gabriel រងពិន័យធ្ងន់កពីសហព័ន្ធបាល់ទាត់កម្ពុជាពាក់ព័ន្ធរឿងសាសនា
ខ្សែប្រយុទ្ធ Gabriel Silva របស់ព្រះខ័នរាជស្វាយរៀងត្រូវបានគណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ
ពិន័យមិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។
ការពិន័យនេះត្រូវបានគណៈកម្មការវិន័យបញ្ជាក់ថា ធ្វើឡើងចំពោះសកម្មភាពបង្ហាញអំពីសាសនាលើអាវក្នុងរបស់គេដែលសរសេរថា “100% Jesus”។
នេះជាការពិន័យដោយយោងតាមប្រការ៤១នៃក្រមវិន័យ និងសីលធម៌សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រការ៥៨.១នៃក្រមវិន័យ និងសីលធម៌សហព័ន្ធកីឡាបាល់ទាត់អាស៊ី។
សម្រាប់សាមីក្លិបព្រះខ័នរាជស្វាយរៀងមានសិទ្ធិប្ដឹងឧទ្ធរណ៍សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល៥ថ្ងៃ ក្រោយការសម្រេចនេះ។ បើពុំមានបណ្ដឹងឧទ្ធរណ៍ទេ នោះសេចក្ដីសម្រេចនឹងចូលជាធរមាន។
សកម្មភាពរបស់ Gabriel Silva នេះបានធ្វើឡើង ក្រោយរូបគេរកបានគ្រាប់បាល់បញ្ចូលទីបឹងកេតក្នុងការប្រកួត Cambodian Premier League កាលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕