ធ្លាយរឿងថា Messi មិនទៅឥណ្ឌូនេស៊ីប្រកួតមិត្តភាពទេ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ត្រូវបានលេចឮថា នឹងមិនមានវត្តមានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ជំនួបមិត្តភាពតទល់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខទេ។
យោងតាមគេហទំព័រ TyC Sports បានឱ្យដឹងថា Messi នឹងចាប់ផ្តើមការប្រកួតមិត្តភាពជាមួយអូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា នៅប្រទេសចិន។ បន្ទាប់មក Messi នឹងមិនទៅប្រទេសឥណ្ឌូនេស៊ីទេ តែនឹងទៅ Inter Miami ។
ព័ត៌មាននេះគឺផ្ទុយទៅនឹងការរំពឹងទុកពីមុនរបស់អ្នកគាំទ្រឥណ្ឌូនេស៊ី នៅពេលដែលក្រុមរបស់ពួកគេបានអញ្ជើញអាហ្សង់ទីនមកប្រកួតមិត្តភាពនៅទឹកដីខ្លួន។ មនុស្សរាប់ម៉ឺននាក់មានការអាក់អន់ស្រពន់ចិត្ត ដោយទាមទារឱ្យមានការត្រឡប់មកវិញនូវសំបុត្របន្ទាប់ពីការទិញ។
កីឡាករឥណ្ឌូនេស៊ីជាច្រើនក៏បានសម្តែងការខកចិត្តចំពោះព័ត៌មាននេះផងដែរ។ កីឡាករ Asnawi បាននិយាយថា គាត់ពិតជាសោកស្ដាយខ្លាំងណាស់ នៅពេលដែលគាត់មិនមានឱកាសប្រឈមមុខជាមួយ Messi ។ ការប្រកួតក៏ក្លាយទៅជាគ្មានន័យនៅពេលដែលកីឡាករល្បីៗលើពិភពលោកមិនបានបង្ហាញខ្លួន៕