អ្នកចាំទី កែវ សុខសិលា ត្រូវពាក់ប្រដាប់ការពារក្បាលដូចអតីតអ្នកចាំទី Peter Cech
អ្នកចាំទី កែវ សុខសិលា ត្រូវបានក្រុមគ្រូពេទ្យរបស់ក្លិប តម្រូវឲ្យពាក់មួកការពារក្បាលជាចាំបាច់ ទាំងពេលហ្វឹកហាត់ និងពេលប្រកួត បន្ទាប់ពីមានការប៉ះទង្គិចក្នុងកំឡុង ការប្រកួតជាមួយ ភ្នំពេញក្រោន កាលពីចុងសប្តាហ៍ ។
អ្នកចាំទីជម្រើសកម្ពុជាបានបង្ហើបថា បញ្ហារបួសក្បាលនេះគ្រូពេទ្យតំរូវពាក់ប្រដាប់ការពារក្បាលជាចាំបាច់ ដើម្បីកុំអោយមានការប៉ះកន្លែងនោះម្តងទៀត ទោះបីពិនិត្យមិនឃើញមានបញ្ហាប្រេះ រឺ ធ្ងន់ធ្ងរយ៉ាងណាក្តី ។ អតីតកីឡាករ ភ្នំពេញក្រោម បន្ថែមថា មិនទាន់ដឹងថា រយៈពេលប៉ុន្មានថ្ងៃទើប អាចដោះចេញបានទេ ដោយរង់ចាំមើលស្ថានភាពរបួស ជាបន្តទៀតជាមុនសិន ។
សូមបញ្ជាក់ថា កែវ សុខសិលា ត្រូវរងការប៉ះទង្គិចជាមួយកីឡាករ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន កាលពីសប្តាហ៍មុន នៅឯកីឡដ្ឋាន Smart RSN ដែលលទ្ធផលនាពេលនោះស្មើគ្នា ២ ទល់ ២ ។