ភូមិកីឡាត្រៀមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបានសម្រេចរួចរាល់ហើយ
ភូមិកីឡា ដែលត្រៀមទទួលប្រតិភូកីឡា និងអត្តពលិក សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានប្រារព្ធពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកសារព័ត៌មានយ៉ាងច្រើន។
ក្រោយពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ភូមិកីឡា បានបិទបញ្ចប់ការសាងសង់ទាំងស្រុងត្រឹមថ្ងៃនេះ បន្ទាប់ពីបានចំណាយពេលសាងសង់រយៈពេលជាច្រើនខែ។ អ្វីដែលសេសសល់បន្តិចបន្តួចគឺទៅលើការរៀបចំអនាម័យ។
«កិច្ចការងារនេះគឺយើងបាននិយាយជាបន្តបន្ទាប់ហើយ គឺយើងបិទស្នូរសំឡេងដែលយើងហៅថា ការសាងសង់មិនឱ្យមានសំឡេងទៀតទេ។ គឺចាប់ពីម៉ោងនេះទៅយើងនៅសល់តែការបោសជូតលាងសម្អាតបន្តិចបន្តួចនៅតាមបន្ទប់នានា ធ្វើអនាម័យ ហើយនឹងរៀបចំមើលថែទាំសម្ភារនានាតែប៉ុណ្ណោះ»។ ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា រំពឹងធានាដល់ប្រតិភូកីឡា និងអត្តពលិកដែលត្រូវមកដល់នាពេលខាងមុខ នឹងទទួលបាននូវផាសុកភាព ព្រមទាំងធានាបានថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំជូនរួចរាល់ជាស្រេច។
ភូមិកីឡា ដែលមាន៣៧០០គ្រែស្ថិតក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ ដោយក្រុមហ៊ុន World Bridge Sport Village ជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់។ ទីនេះនឹងផ្តល់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ដោយឡែកក៏នៅមានសណ្ឋាគារចំនួន ១១កន្លែងទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំជូនសម្រាប់អត្តពលិក មន្ត្រី និងប្រតិភូកីឡា ស្នាក់នៅដែលជិតពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ (OCIC) និងទីតាំងប្រកួតមួយចំនួនទៀត៕
ប្រភព និងរូបភាព ៖ CAMBODIA 2023