
ឥណ្ឌូនេស៊ីបន្ថែមកីឡាករចូលសញ្ជាតិម្នាក់ទៀតត្រៀម AFC Asian Cup 2023
Shayne Pattynama ដែលមានឪពុកជាប់សែស្រឡាយឥណ្ឌូនេស៊ី គឺជាកីឡាករបន្ថែមចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីដើម្បីត្រៀមខ្លួន AFC Asian Cup ឆ្នាំ២០២៣។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសថា Shayne Pattynama នឹងស្បថចូលជាពលរដ្ឋឥណ្ឌូនេស៊ីនៅថ្ងៃទី២៤ ខែមករា។ “ដំណើរការចូលសញ្ជាតិសម្រាប់ Pattynama ជិតរួចរាល់ហើយ។ គាត់នឹងក្លាយជាពលរដ្ឋឥណ្ឌូនេស៊ីនៅសប្តាហ៍ក្រោយ”។ នេះជាការថ្លែងរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ីលោក Mochamad Iriawan។
លោក Iriawan បានបង្ហាញថា ពាក្យសុំចូលសញ្ជាតិរបស់ Pattynama ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋាភិបាលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកនៅដើមខែមករា ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីសំណើសុំចូលសញ្ជាតិរបស់កីឡាករ។
យោងតាមគម្រោង Pattynama នឹងពង្រឹងក្រុមឥណ្ឌូនេស៊ីនៅ Asian Cup ឆ្នាំ 2023 រួមជាមួយនឹងកីឡាករចូលសញ្ជាតិពីរនាក់ទៀតគឺ Jordi Amat និង Sandy Walsh ដែលបានក្លាយជាពលរដ្ឋឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឥណ្ឌូនេស៊ីក្នុងការប្រកួត AFF Cup 2022៕