ផ្អាកការប្រកួត Southampton និង Aston Villa ១០នាទីដោយសារ Drone
យន្តហោះគ្មានមនុស្សបើកបានជ្រៀតចូលកីឡដ្ឋាន St Mary’s ដែលបណ្តាលឱ្យការប្រកួតរវាង Southampton និង Aston Villa ក្នុងជុំទី២១ នៃក្របខណ្ឌ Premier League ត្រូវបានពន្យារពេល។
ពេលការប្រកួតឈានដល់នាទី៤២ ស្រាប់តែយន្តហោះគ្មានមនុស្សបើកបានហោះឡើងលើមេឃនៅកីឡដ្ឋាន St Mary’s ។ បន្ទាប់ពីការរកឃើញ អាជ្ញាកណ្តាល Michael Salisbury បានសម្រេចចិត្តបញ្ឈប់ការប្រកួតភ្លាមៗ។
កីឡាករភ្ញាក់ផ្អើលមិនយល់ពីអ្វីដែលកំពុងកើតឡើង។ លោក Michael Salisbury បានបង្ហាញពួកគេនូវយន្តហោះគ្មានមនុស្សបើកដែលកំពុងជ្រៀតចូលទៅក្នុងទីលានបាល់ទាត់។ នេះជារឿងដ៏កម្រដែលការប្រកួត Premier League ត្រូវផ្អាកដោយសារតែឧប្បត្តិហេតុនេះ។
អ្នករៀបចំតម្រូវឱ្យកីឡាករចាកចេញពីទីលាន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនដែលមានវត្តមាននៅ St Mary’s មានការច្របូកច្របល់។ នេះបើយោងតាមកាសែត Daily Mail៕