Son-min-Heung សរសើរការគាំទ្ររបស់ Spurs ទើបខ្លួនអាចបានមេដាយមាស
ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង អាយុក្រោម ២៣ឆ្នាំ (ប៉ុន្តែមានលាយជម្រើសជាតិឈុតធំ ៣នាក់) ដែលមានប្រធានក្រុម គឺខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករវ័យ ២៦ឆ្នាំ Son-min-Heung បានថ្លែងសរសើរក្រុម Spurs ដែលផ្តល់ឱកាស ឲ្យគាត់នាំក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទទួលបានមេដាយមាស ហើយគាត់ខ្លួនឯង ក៏អាចគេចចេញពីកាតព្វកិច្ចបម្រើកងទ័ពជាតិបាន។
ការកោតសរសើររបស់ Son នេះ ធ្វើឡើងបន្ទាប់ពីក្រុមកូរ៉េខាងត្បូង អាចការពារមេដាយមាសពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ក្រោយជំនួបវគ្គផ្តាច់ព្រ័ត្រដែលកូរ៉េខាងត្បូង បានយកឈ្នះលើជប៉ុន ដោយលទ្ធផល ២ទល់នឹង១។ ការអរគុណក្រុម Spurs នេះ ក៏កើតឡើងដោយសារតែ Spurs បានផ្តល់ឱកាស និងគាំទ្រយ៉ាងពេញទំហឹង ឲ្យ Son ទៅចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិ ខណៈកាលពីឆ្នាំ ២០១៤ ពេល Son នៅលេងឲ្យក្រុម Bayern Leverkusen គឺក្រុមអាល្លឺម៉ង់មួយនេះ មិនបានអនុញ្ញាតឲ្យគាត់ទៅប្រកួតកីឡាអាស៊ី ហើយបោះបង់ការប្រកួតបើករដូវកាលនៅ Bundesliga នោះទេ។
សូមរម្លឹកជូនថា កាលពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៧ ឆ្នាំ ២០១៤ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ក៏ទទួលបានមេដាយមាសដែរ លើវិញ្ញាសាបាល់ទាត់នេះ។ ប៉ុន្តែកាលណោះ មិនមានវត្តមានរបស់ Son នោះទេ ដោយសារគាត់ជាប់កាតព្វកិច្ចជាមួយក្លឹបរបស់គាត់គឺ Bayern Leverkusen។ ពេលនោះហើយ ដែល Son មានក្តីបារម្ភរហូតមក ព្រោះថាប្រសិនបើគាត់មិនបានបំពេញកិត្តិយសជូនជាតិនោះទេ គាត់នឹងត្រូវចូលបម្រើកងទ័ព ឲ្យស្របតាមច្បាប់កូរ៉េខាងត្បូង ដែលតម្រូវឲ្យបុរសដែលមានកាយសម្បទានមាំមួន មានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ ត្រូវតែបម្រើកងទ័ព។ ប៉ុន្តែច្បាប់នេះ ត្រូវបានលើកលែងសម្រាប់អត្តពលិក ឬ បុគ្គលណា ដែលនាំកិត្តិយសជូនជាតិ តួយ៉ាងដូចជា អ្នកកីឡា គឺត្រូវតែនាំមេដាយមាស ពីព្រឹត្តិការណ៍កីឡាអូឡាំពិក ឬ កីឡាអាស៊ី ទើបអាចចៀសផុតពីកាតព្វកិច្ចនេះ។
ដូច្នេះយោងតាមជោគជ័យនេះ គឺ Son-min-Heung អាចបន្តលេងដោយរីករាយក្នុងក្រុមបាល់ទាត់ Spurs រហូតដល់ឆ្នាំ ២០២៣ ស្របតាមកុងត្រា ដែលគាត់ទើបតែចុះបន្តជាមួយក្លឹប៕
ដោយ៖ កូនមាន់មាស