ភ្នំពេញក្រោនជាក្រុមមួយគត់ដែលឡើងផ្ដាច់ព្រ័ត្រ ហ៊ុន សែន ខាប់ ៣ដងជាប់គ្នា
ចាប់តាំងពីពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧មក មានតែភ្នំពេញក្រោនទេ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ឆ្នាំជាប់ៗគ្នា។
ក្រុមជើងឯក២សម័យមួយនេះបានឈានចូលវគ្គយកពានលើកដំបូងក្នុងឆ្នាំ២០០៨ ដែលកាលនោះនៅជា ភ្នំពេញអ៊ឹមផាយអឺរ និងបានលើកពានដោយជោគជ័យ តាមរយៈជ័យជម្នះលើព្រះខ័នរាជស្វាយរៀង ១ទល់នឹង០។
ឆ្នាំបន្ទាប់ គឺ២០០៩ ដែលបានប្ដូរឈ្មោះទៅជាភ្នំពេញក្រោន ពួកគេនៅតែបន្តភាពជោគជ័យ ដោយឈ្នះណាហ្គាខប (បច្ចុប្បន្នណាហ្គាវើលដ៍) ១ទល់នឹង០ លើកពានជាលើកទី២។
ផ្ទុយទៅវិញក្នុងឆ្នាំ២០១០ ភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ជាប់ៗគ្នា តែបានចាញ់ក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ) ដោយលទ្ធផល៣ទល់នឹង២៕