គ្រូជំនួយជម្រើសជាតិថា មិត្តភាពជាមួយ U23 ជាការត្រៀមដ៏ល្អសម្រាប់ស៊ីហ្គេម
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានថ្លែងថា ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះទៀតនោះ ក៏ជាការហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពកម្លាំងស៊ុហ្វ ដែលជាផ្នែកមួយនៃបញ្ហា នៅក្នុងការប្រកួត។
លោក ភា សុភ័ក្ត្រា ថ្លែងបែបនេះ “៖ ដូចអ្វីដែលយើងរៀបចំ គឺក្រៅតែពីផែនការត្រៀមសម្រាប់ស៊ីហ្គេម នៅក្នុងឱកាសលេងមិត្តភាពនេះ យើងបានកោះហៅកីឡាករដ៏ច្រើន ខុសពីសព្វមួយដង ពីព្រោះជាហេតុផល នៅពេលយើងមើលទៅលើកម្រិតរបស់ពួកគាត់ដែលមានគុណភាពផ្សេងៗគ្នា គុណភាពប្រហាក់ប្រហែលគ្នា មានអ្នកខ្លះមានគុណភាពខ្ពស់ ប៉ុន្តែអ្វីដែលយើងចង់បានកាន់តែខ្លាំងគឺការប្រើប្រាស់កម្លាំង។”
លោក ភា សុភ័ក្ត្រា បន្ថែម “៖ការប្រើប្រាស់កម្លាំងនេះគឺដើម្បីផ្សារភ្ជាប់ជាមួយនឹងតាក់ទិចនៃការលេងតម្រូវការខ្ពស់ផ្នែកកម្លាំងនៃការប្រយុទ្ធ បង្កើនចលនានៃការគាំទ្រ និងការប្រយុទ្ធ ក៏ដូចជារក្សាកម្លាំងឱ្យមានថិរវេលាគ្រប់គ្រាន់ដែលយើងតែងតែឃើញមកហើយថា កន្លងមកកីឡាករយើងភាគច្រើនគឺតែងតែធ្លាក់ចុះកម្លាំងក្រោយពីការរត់អស់។ អ៊ីចឹងវាជាហេតុលផលមួយនៅក្នុងន័យដើម្បីពួកគាត់បានដឹងផងដែរពាក់ព័ន្ធនឹងការហ្វឹកហាត់អភិវឌ្ឍសមត្ថភាពកម្លាំង»។ អតីតគ្រូបង្វឹករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ថែម។”
ជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍកម្លាំង ក្រុមការងារជម្រើសជាតិ ដែលដឹកនាំដោយ លោក Keisuke Honda បានដាក់លក្ខខណ្ឌតម្រូវឱ្យកីឡាករដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិមិនថាក្រុមធំ ឬក្រុមអាយុក្រោម ២៣ឆ្នាំ (ដែលជាក្រុមត្រៀមស៊ីហ្គេម) ត្រូវធ្វើតេស្តកម្លាំងអំណត់ (30-15IFT) ចាប់ពី ២០.៥ គីឡូម៉ែត្រ/ម៉ោងឡើងទៅ។ ចំពោះការកោះហៅកីឡាករច្រើនដល់ទៅ ៣៥នាក់ គឺដើម្បីយ៉ាងហោចណាស់កីឡាករទទួលបានបទពិសោធន៍ពីការធ្វើតេស្តកម្លាំងអំណត់ដ៏សំខាន់នេះ៕