ឡេង ណូរ៉ា ប្ដេជ្ញាធ្វើឲ្យបានល្អបំផុតនៅកម្រិតដើម្បីឱកាសស៊ីហ្គេម២០២៣
ខ្សែការពារវ័យក្មេង ឡេង ណូរ៉ា បានបង្ហាញពីក្ដីស្រមៃជាប់ជម្រើសជាតិកម្ពុជា ប្រកួតស៊ីហ្គេម២០២៣ លើទឹកដីខ្លួនឯងនៅឆ្នាំក្រោយ។ គេថា នឹងព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពនៅវិសាខា ដើម្បីស្រវាបានទំនុកចិត្តពីក្រុមគ្រូបង្វឹកជម្រើសជាតិ។
កីឡាករវ័យ១៨ឆ្នាំថ្លែងបែបនេះ “៖វាជាក្ដីស្រមៃរបស់ខ្ញុំដ៏ធំមួយ ប្រសិនបើបានជាប់ជម្រើសជាតិបានលេងស៊ីហ្គេមនៅទឹកដីកម្ពុជាយើង។ ខ្ញុំបានប្ដេជ្ញាថា នឹងប្រឹងប្រែងលេងឲ្យបានល្អបំផុតនៅក្លិប ដើម្បីឲ្យគ្រូជម្រើសជាតិមើលឃើញ ដើម្បីអាចបានជាប់ជម្រើសជាតិក្នុងពេលនោះ”។
យុវជនដែលធ្លាប់បានជាប់ជម្រើសជាតិក្រុមធំរូបនេះបានប្ដេជ្ញាចិត្តថា រូបគេនឹងខំប្រឹងឲ្យអស់លទ្ធភាពដែលមាន ដើម្បីបានបង្ហាញទម្រង់លេងឲ្យបានល្អបំផុតក្នុងក្រុម ដើម្បីឲ្យគ្រូជម្រើសជាតិបានមើលឃើញខ្លួន។ ការខកខានស៊ីហ្គេមនៅវៀតណាមជារឿងស្ដាយបំផុតមួយសម្រាប់រូបគេ ក្នុងការក្រេបយកបទពិសោធពីព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលើកនេះស៊ីហ្គេមនៅកម្ពុជារូបគេនឹងប្រឹងប្រែង ជាមួយការប្ដេជ្ញាចិត្ត ដើម្បីសម្រេចក្ដីស្រមៃមួយនេះឲ្យខាងតែបាន។
ការបានជាប់ជម្រើសជាតិក្រោមអាយុ២០ឆ្នាំជាលើកដំបូងនេះរបស់ ណូរ៉ា គឺត្រៀមចូលរួមប្រកួតពានរង្វាន់ AFC U20 CHAMPIONSHIP 2022 ដែលនឹងធ្វើឡើងពីថ្ងៃទី១៤ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសតាជីគីស្ថាន៕