ខ្សែបម្រើ Frenkie de Jong បន្តការផ្សារភ្ជាប់ការផ្ទេរមកកាន់ក្លិបនៅ Premier League
ខ្សែបម្រើ Barcelona កីឡាករ Frenkie de Jong ត្រូវសារពត៌មាននានាបន្តរាយការណ៍ពីការផ្សារភ្ជាប់ការផ្ទេរទៅកាន់ក្លិបនៅក្របខណ្ឌ Premier League។
ជាក់ស្តែង ក្លិបធំៗចំនួន២ គឺ Chelsea និង Manchester United ត្រូវបានដឹងថា បានចាប់អារម្មណ៍កីឡាករហូរឡង់វ័យ២៥ឆ្នាំ ដោយក្នុងនោះក្លិបបិសាចក្រហមហ៊ានចំណាយប្រមាណ ៧០លានអឺរ៉ូ សម្រាប់ De Jong។
សម្រាប់ Barcelona វិញ ការលក់ Frenkie de Jong នឹងអាចជួយដល់បញ្ហាដែលពួកគេកំពុងជួបប្រទះគឺការចុះឈ្មោះកីឡាករចំណូលថ្មីទៅកាន់ក្របខណ្ឌ La Liga នៅមុនពេលរដូវកាលថ្មីចាប់ផ្តើម។ ក្លិបអ្នកមានបុណ្យ គឺជាក្លិបអឺរ៉ុបដែលចំណាយច្រើនជាងគេ ទៅលើទីផ្សារដោះដូរកីឡាករ ដោយចំណាយជាង ១៥០លានអឺរ៉ូ ក្នុងការនាំយកកីឡាករឆ្នើមដូចជា Robert Lewandowski ពី Bayern Munich, Raphinha ពី Leeds United និង Jules Kounde ពី Sevilla។
ទោះយ៉ាងណា Barcelona កំពុងព្យាយាមដោះស្រាយបញ្ហាដល់ទីបំផុត រួមជាមួយគម្រោងលក់ Frenkie de Jong ដែលអាចអោយពួកគេទទួលបានភ្លើងខៀវ សម្រាប់ការចុះឈ្មោះកីឡាករថ្មីបាន៕
អត្ថបទ ៖ F11