ជម្រើសជាតិនារីកម្ពុជាហោះទៅហ្វីលីពីន ប្រកួត AFF ថ្ងៃទី០២ ខែកក្កដា
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជានឹងហោះហើរទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍ ទី០២ ខែកក្កដា ចុងសប្ដាហ៍នេះហើយដើម្បីចូលរួមព្រឹត្តិការណ៍ជើងឯកនារីអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលចាប់ផ្ដើមពីថ្ងៃ០៤ ខែកក្កដា តទៅ។
ក្រុមនារីកម្ពុជាបាននាំយកកីឡាការិនី២៣នាក់ក្រោមការដឹកនាំដោយគ្រូបង្គោល ប្រាក់ វុទ្ធី ទៅកាន់ការប្រកួតកម្រិតតំបន់នេះ។ ក្នុងនោះមានកីឡាការិនីមកពីភ្នំពេញក្រោន៩នាក់, ណាហ្គាវើលដ៍៦នាក់, វិសាខា២នាក់, ព្រះខ័នរាជស្វាយរៀង៣នាក់ និងសៀមរាបអេហ្វស៊ី៣នាក់។
សម្រាប់ក្រុមកម្ពុជាស្ថិតក្នុងពូល B ដែលមានមីយ៉ាន់ម៉ា, វៀតណាម, ទីម័រខាងកើត, កម្ពុជា និងឡាវ។ ក្រុមនារីកម្ពុជាចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៥ ខែកក្កដា ជាមួយឡាវ, ប៉ះវៀតណាម ថ្ងៃទី០៧ ខែកក្កដា, ប៉ះមីយ៉ាន់ម៉ា ថ្ងៃទី០៩ ខែកក្កដា និងទីម័រខាងកើត ថ្ងៃទី១៣ ខែកក្កដា។
ចំណែកពូល A មាន ថៃ, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សិង្ហបុរី, អូស្ត្រាលី និងម៉ាឡេស៊ី។
ព្រឹត្តិការណ៍ AFF Women’s Championship បានខកខាន២ឆ្នាំមកហើយ ដោយសារការរាលដាលជំងឺកូវីដ១៩៕