U17 កម្ពុជាត្រូវប្រកួតនៅអូស្ត្រាលី និង U20 កម្ពុជាប្រកួតនៅតាហ្ស៊ីគីស្ថាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំនឹងធ្វើដំណើរទៅកាន់ទឹកដីប្រទេសអូស្ត្រាលីសម្រាប់វគ្គជម្រុះ AFC U17 Championship 2023 អំឡុងខែតុលា ខាងមុខ។
ជាលទ្ធផលពីការចាប់ពូល គឺ U17 កម្ពុជា ស្ថិតក្នុងពូលជាមួយអូស្ត្រាលី, ចិន និងកោះម៉ារីណា ខាងជើង។
ក្រុម U17 កម្ពុជា ត្រូវប៉ះចិនថ្ងៃទី០៥ ខែតុលា, ម្ចាស់ផ្ទះអូស្ត្រាលី ថ្ងៃទី០៧ ខែតុលា និងកោះម៉ារីណា ខាងជើង ថ្ងៃទី០៩ ខែតុលា។
ដោយឡែក សម្រាប់លទ្ធផលពីការចាប់ពូលល្ងាចថ្ងៃអង្គារ ទី២៤ ខែឧសភា នេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតក្នុងពូល I នៃវគ្គជម្រុះ AFC U20 Championship 2023 ជាមួយតាហ្ស៊ីគីស្ថាន, លីបង់ និងសិង្ហបុរី។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែកញ្ញា ដោយកម្ពុជាប៉ះលីបង់ មុនជួបសិង្ហបុរី នៅថ្ងៃទី១៦ ខែកញ្ញា និងបិទពូល I ជាមួយម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន នៅថ្ងៃទី១៨ ខែកញ្ញា។
គួរដឹងដែរថា ក្នុងវគ្គជម្រុះនេះមាន៤៥ក្រុម នឹងត្រូវបានបែងចែកទៅជា១០ពូល
ក្រុមលេខ១តាមពូលនីមួយៗ បូករួមទាំងលេខ២ល្អចំនួន៥ នឹងឡើងទៅកាន់ជុំចុងក្រោយបូករួមទាំងម្ចាស់ផ្ទះអ៊ូបេគីស្ថាន។
គួររំឭកថា កាលឆ្នាំ២០១៩ U19 កម្ពុជាបានឆ្លងផុតវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២០ម្ដងដែរ តែជាអកុសលត្រូវបានលុបចោលវិញ ដោយសារបញ្ហាកូវីដ១៩៕