គ្រូក្រុមបាល់ទាត់នារីកម្ពុជា ថា នឹងប្រើយុទ្ធសាស្ត្រមួយនេះនៅស៊ីហ្គេម
ការប្រើយុទ្ធសាស្ត្រការពារវាយបក នឹងត្រូវបានធ្វើឡើងក្នុងក្រុមបាល់ទាត់នារីកម្ពុជាអំឡុងប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម។ នេះជាការបង្ហើបពីលោក ប្រាក់ វុទ្ធី គ្រូបង្គោលក្រុមបាល់ទាត់នារីកម្ពុជា។
អតីតគ្រូបង្គោលក្លិបបឹងកេត និងអគ្គិសនីកម្ពុជា ទទួលស្គាល់ថា ជារឿងពិបាកមួយសម្រាប់ក្រុមនារីដែលទើបចូលរួមស៊ីហ្គេមលើកដំបូងបែប ខណៈកីឡាការិនីមួយចំនួនក៏ខ្វះបទពិសោធលក្ខណៈអន្តរជាតិ។ ដូច្នេះមានតែការលេងបែបការពារវាយបកប៉ុណ្ណោះ ដែលអាចជាវិធីសាស្ត្រដ៏សមស្របមួយ។
មុនចេញទៅវៀតណាម ក្រុមនារីកម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់រយៈពេល២សប្ដាហ៍នៅសាលាបាល់ទាត់ជាតិបាទី។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងរបស់ខ្លួន ក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយវៀតណាម (ប៉ះគ្នាថ្ងៃ១៤ ឧសភា) និងហ្វីលីពីន (ប៉ះគ្នាថ្ងៃទី៩ ឧសភា)៕