Diaz ស្រក់ទឹកភ្នែកក្រោយរួមចំណែកជួយ Liverpool ឡើងផ្ដាច់ព្រ័ត្រ UCL
ខ្សែប្រយុទ្ធ Luis Diaz មិនអាចទប់ភាពក្ដុកក្ដួលខ្លួនឯងបាន ដោយស្រក់ទឹកភ្នែកភ្លាមៗ ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដែល Liverpool របស់គេបានយកឈ្នះ Villarreal ២ទល់នឹង៣ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។ ហង្សក្រហមបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ដោយបាល់សរុបទាំង២ជើង ៥ទល់នឹង២។
ក្នុងការប្រកួតនេះ កីឡាករកូឡុំប៊ីខាងលើបានចូលជំនួស Diogo Jota ក្នុងនាទី៤៦ ហើយវត្តមានរបស់គេបានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង។ គេមានស្ថិតិប៉ះសេច្បាស់ដល់៩០ភាគរយ, បានលេង៤ដងក្នុងប្រអប់ប៉េណាល់ទីរបស់គូប្រជែង, ស៊ុតបាន៤ដង និងប៉ះសេជោគជ័យបាន៤ដង។ គេក៏រកបានមួយគ្រាប់ក្នុងនាទី៦៧ តាមស្មើឲ្យ Liverpool ២ទល់នឹង២។
ក្នុងវគ្គទី១ដែល Villarreal នាំមុខ២ទល់នឹង០ ក្រុមលោក Jurgen Klopp មានឱកាសស៊ុតតែ២លើកទេ។ ផ្ទុយទៅវិញ ក្រោយ Diaz បានចូលលលេង ក៏កើនចំនួនស៊ុតដល់ទៅ១៣ដង, ចំគោលដៅ៥ដង ដែលក្នុងនោះ៣ដងបានចូលសំណាញ់ជោគជ័យ។ ការគ្រប់គ្រងបាល់ក៏កើនឡើងពី៤៣ភាគរយទៅ៥៧ភាគរយ។
ដូច្នេះ Liverpool ឡើងផ្ដាច់ព្រ័ត្រសាជាថ្មី ចាប់តាំងពីឆ្នាំ២០១៩ដែលពួកគេបានលើកពាន៕