វេន សុភ័ក្ត្រ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក
កីឡាករ វេន សុភ័ក្ត្រ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ ជុំទី២ ក្នុងពូល A បន្ទាប់ពីបានយកឈ្នះកីឡាករ សូដា កូម៉ាន់ ដោយពិន្ទុនាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ បន្ទាប់ពីឈ្នះកីឡាករ សុខ សុវណ្ណ ក្នុងការប្រកួតជុំទី១ អ្នកប្រដាល់នៃក្លិប បញ្ជការដ្ឋានទ័ពពិសេស វេន សុភ័ក្ត្រ បន្តឈ្នះជាលើកទី២ ក្រោយតស៊ូយ៉ាងស្វឹតស្វាញជាមួយកីឡាករមក ពីក្លិប គោព្រៃ សូដា កូម៉ាន់ ពេញ៥ទឹក ។
ការឈ្នះ២ប្រកួតនេះធ្វើអោយកូនសិស្សរបស់លោកគ្រូ ហង្ស សឿន ឈរនៅកំពូលតារាង ក្នុងពូលមាន ៦ពិន្ទុពេញនឹងបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រាច់ ទោះបី នៅសល់មួយប្រកួតទៀតដែលត្រូវប៉ះ ធី វ៉ារិទ្ធ យ៉ាងណាក្តី ។ ក្នុងថ្ងៃជាមួយគ្នានោះដែរគូខ្សែក្រវាត់មួយគូទៀត សុខ សុវណ្ណ បានយកឈ្នះពិន្ទុប្រផិតប្រផើយលើកីឡាករ ធី វ៉ារិទ្ធ ៣ ទល់ ២ បន្ទាប់ពីប្រកួតជាមួយគ្នាពេញ៥ទឹក ។
សរុបក្នុងពូល A នេះក្រោយឆ្លងកាត់ការប្រកួត២ប្រកួតកន្លងមក វេន សុភ័ក្រ្ក នៅលេខ១ មាន ៦ពិន្ទុ , ធី វ៉ារិទ្ធ មាន ៤ ពិន្ទុ , សុខ សុវណ្ណ មាន៤ពិន្ទុ និង សូដា កូម៉ាន់ មាន២ ពិន្ទុ ។ថ្ងៃ សៅរ៍ សប្តាហ៍នេះឈានដល់ការប្រកួតជម្រុះក្នុងពូល B វិញម្តង ដោយកីឡាករ ឡុង សំណាង ប៉ះ ភុំ សារ៉ាយ និង សូត្រ ខេវិន ប្រកួតជាមួយ សេក គឹមរួន ចាប់ពីម៉ោង ៦ ល្ងាច ផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕