លោក មាស ចាន់ណា តែងតែធ្វើរឿងមួយនេះកាលនៅជាកីឡាករ
ការហ្វឹកហាត់បន្ថែមខ្លួនឯងទាំងមុនម៉ោងជួបជុំគ្នាផ្លូវការគឺជាទម្លាប់មួយដែលលោក មាស ចាន់ណា តែងតែអនុវត្តកាលនៅជាកីឡាករ ព្រោះអាចអភិវឌ្ឍសមត្ថភាពឲ្យបានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសមានឱកាសជាប់ជម្រើសជាតិនៅសម័យនោះ។
អ្នកចាត់ការវិសាខាដដែលពន្យល់បែបនេះ “៖ប្រៀបធៀបកីឡាករពីមុន និងកីឡាករឥឡូវ មិនដឹងកីឡាករច្រើនប៉ុនណាទេដែលលួចហាត់ថែម ប៉ុន្តែជំនាន់ខ្ញុំភាគច្រើនគឺលួចហាត់ថែមខ្លាំងណាស់។ ប្រសិនបើខ្ញុំវិញ បើគ្រូហាត់ម៉ោង៣អ៊ីចឹង ខ្ញុំទៅដល់តារាងម៉ោង២ ព្រោះខ្ញុំលួចហាត់មួយម៉ោងមុន ឬ៤៥នាទីមុនការហ្វឹកហាត់ផ្លូវការ។ ខ្ញុំប្រឹងដើម្បីជាប់ជម្រើសជាតិ ព្រោះពេលជាប់ជម្រើសជាតិជាមោទកភាពសម្រាប់ក្រុមខ្ញុំ។”
បុរសមានកំណើតនៅខេត្តកំពង់ស្ពឺក៏ទទួលស្គាល់ថា នៅសម័យបច្ចុប្បន្នមានការរៀបចំបានល្អជាងមុន ទាំងក្រុមការងារ, រចនាសម័្ពន្ធ និងប្រាក់បៀវត្សច្រើនជាងកាលជំនាន់លោកលេងទៅទៀត។ លោកថា ប្រសិនបើបានលេងទាន់ជំនាន់បច្ចុប្បន្ន មិនដឹងជាសប្បាយប្រឹងយ៉ាងណាទេ។
លោក មាស ចាន់ណា ចូលលេងបាល់ទាត់តាំងពីឆ្នាំ១៩៩១លក្ខណៈយុវជន និងឆ្លងកាត់ក្រុមធំមួយចំនួនទៀត ហើយថែមទាំងជាប់ជម្រើសជាតិនៅចុងទសវត្សរ៍១៩៩០។ លោកបានផ្លាស់ទៅក្លិបណាហ្គាក្នុងឆ្នាំ២០០១ ជាទីដែលលោកធ្វើ់ជាកីឡាករផង និងជាបុគ្គលិកប្រចាំក្រុមហ៊ុនមួយនេះផង។
បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០១១ អតីតខ្សែបម្រើស្លាបកាន់សញ្ញាបត្រគ្រូបង្វឹកកម្រិត A រូបនេះក៏ក្លាយជាគ្រូបង្គោលណាហ្គានៅឆ្នាំ២០១៥ មុនលើកពានលីគកំពូល នៅឆ្នាំ២០១៨។ ក្រោយចប់រដូវកាល២០២១ លោក មាស ចាន់ណា បានចូលរួមជាមួយវិសាខា ក្នុងនាមជាអ្នកចាត់ការក្រុម៕