
៦រដូវកាលមកនេះ Inaki Williams អត់ដែលសម្រាកសូម្បីតែមួយប្រកួត
Inaki Williams បានបង្កើតកំណត់ត្រាដ៏ពិសេសមួយ ដោយលេង២២៤ប្រកួតជាប់គ្នានៅ La Liga ដោយមិនសម្រាកមួយប្រកួតសោះ។
កីឡាករមានឪពុកម្ដាយជាជនជាតិហ្គាណា តែកើតនៅអេស្ប៉ាញ បានចូលរួមការប្រកួត La Liga រវាង Athletic Bilbao និង Celta Vigo នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា។ Bilbao របស់គេបានចាញ់ក្រុមភ្ញៀវ Celta ០ទល់នឹង២។ យ៉ាងណា ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំបង្កើតកំណត់ត្រាពិសេសក្នុងអាជីព។
នេះជារដូវកាលទី៦ហើយដែល Inaki ដែលមិនធ្លាប់មានរបួសទាល់តែសោះ ហើយសូម្បីតែកាតក្រហមអី ក៏មិនដែលបានដែរ។
កាលខែតុលា ឆ្នាំ២០២១ គេបានវ៉ាដាច់កំណត់ត្រាអតីតកីឡាករ Juan Antonio Larranaga ដែលលេង២០៣ប្រកួតជាប់គ្នានៅ La Liga ដោយមិនដែលបាត់មុខ។ ឥឡូវគេក៏បានវ៉ាដាច់កាន់តែឆ្ងាយ។
ការខកខានចុងក្រោយបង្អស់កើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ពេល Bilbao ឈ្នះ Malaga ១ទល់នឹង០។ គេបានចូលលេងវិញពេលប្ដូរចូលក្នុងការប្រកួតចាញ់ Atletico Madrid ០ទល់នឹង១ នៅ៤ថ្ងៃបន្ទាប់។ គេក៏បន្តលេងរហូតចាប់តាំងពីពេលនោះមក។
ក្នុងរយៈពេល៦រដូវកាល គេលេង១១នាក់បាន១៨៩ប្រកួត និងរកបាន៤៤គ្រាប់។ រដូវកាល២០២១/២០២២នេះ គេរកបាន៧គ្រាប់។ សរុបមក លេងបាន២៦៥ប្រកួតនៅ Bilbao។
Williams ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអឺរ៉ុបមួយចំនួនតូចដែលបានចុះកុងត្រាចាប់ពី៩ឆ្នាំឡើងនៅ Athletic Bilbao។ ខែសីហា ឆ្នាំ២០១៩ Bilbao ប្រកាសពីការរក្សាទុក Williams ដល់ឆ្នាំ២០២៨ ខណៈរូបគេផ្ទាល់ក៏ចង់បញ្ចប់អាជីពនៅកីឡដ្ឋាន San Mames ដែរ។
Williams ត្រូវបានចាត់ទុកជាកីឡាករដែលមានល្បឿនលឿនមួយរូបនៅ La Liga។ កាលខែមករា ឆ្នាំ២០១៩ ខ្សែប្រយុទ្ធរូបនេះរត់បាន៣៨,៨គីឡូម៉ែត្រក្នុងមួយម៉ោង ពេលប៉ះ Sevilla។ គេក៏ស្ថិតក្នុងចំណោមកីឡាកររត់បានលឿនម្នាក់នៅអឺរ៉ុបដែរ។ តែយ៉ាងណាក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ គេលេងបានម្ដងគត់។
Williams កើតនោ Bilbao ក្នុងគ្រួសារដែលមានឪពុកម្ដាយជាជនជាតិហ្គាណា។ ម្ដាយរបស់គេបង្ហើបថា គ្មានអ្វីពិសេសទេសម្រាប់ចំណីអាហាររបស់ Williams បើធៀបទៅនឹងកីឡាករផ្សេងៗទៀត។ ភាពអំណត់របស់គេបានមកពីធម្មជាតិ និងលក្ខណៈផ្ទាល់ខ្លួនរបស់គេ។
Williams ក៏បានក្លាយជាកីឡាករសម្បុរខ្មៅទី១នៅ Bilbao ដែលជាក្លិបនិយមប្រើតែកីឡាករមានមូលដ្ឋាននៅតំបន់ Basque។ គេមានប្អូនប្រុសម្នាក់ទៀត គឺ Nico Williams ដែលបានចូលក្រុមធំ Bilbao ក្នុងខែមេសា ឆ្នាំ២០២១។
Inaki ធ្លាប់ត្រូវបាន Liverpool និង Manchester United ទាក់ទងដែរប៉ុន្មានឆ្នាំមុន។ តែយ៉ាងណា ឥឡូវរាងធ្លាក់បន្តិចទៅហើយសម្រាប់គេ។ តម្លៃលក់ចេញរបស់គេ១៣៥លានអឺរ៉ូ៕