ធី វ៉ារិទ្ធ ផ្តួលគូប្រកួតសន្លប់ ខណៈ វេន សុភ័ក្ត្រ ឈ្នះពិន្ទុ ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២
ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២សប្តាហ៍ទី១ កីឡាករ ធី វ៉ារិទ្ធ បានផ្តួលគូប្រកួតអោយសន្លប់ ខណៈកីឡាករ វេន សុភ័ក្ត្រ ឈ្នះពិន្ទុ ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលខ្សែក្រវាត់គោជល់នាសង្វៀន CNC ។
កាលពីចុងសប្តាហ៍ជុំទី១ខ្សែក្រវាត់គោជល់ក្នុងពូល A អ្នកប្រដាល់នៃក្លិបគុជសារស ធី វ៉ារិទ្ធ ធ្វើបាន យ៉ាងល្អដោយផ្តួល សូដា កូម៉ាន់ ត្រឹមទឹកទី២ ។ ការប្រកួតរបស់អ្នកទាំងពីរពិតជាជក់ចិត្តយ៉ាងខ្លាំង ដោយក្នុងទឹកទី២ ធី វ៉ារិទ្ធ បានប្រើកណ្តាប់ដៃយ៉ាងធ្ងន់វាយអោយ សូដា កូម៉ាន់ ត្រូវលោកអាជ្ញាកណ្តាលរាប់ម្តង ប៉ុន្តែកីឡាករក្លិបគោព្រៃ អាចតស៊ូបាន ។ យ៉ាងណា វ៉ារិទ្ធ បន្តវាយអោយរាប់ជាលើកទី២ ក្នុងទឹកទី២ដដែល ហើយ កូម៉ាន់ នៅតែបន្តស៊ូបានទៀត ការប្រឹងប្រែងរបស់គេមិនអាចឆ្លងផុតទឹកទី២ បាននោះទេ ដោយអាជ្ញាកណ្តាលសម្រេចបញ្ឍប់ត្រឹមចុងទឹកទី២ បន្ទាប់ពីការវាយសម្រុកពី វ៉ារិទ្ធ ។
ចំណែកការប្រកួតគូខ្សែក្រវាត់មួយគូទៀត វេន សុភ័ក្រ្ត រកបាន៣ពិន្ទុ បន្ទាប់ពីបានតស៊ូជាមួយកីឡាករ សុខ សុវណ្ណ ពេញ៥ទឹកយ៉ាងស្វឹតស្វាញ ។ សម្រាប់ជុំទី១ នេះ ធី វ៉ារិទ្ធ ឈរនៅលើគេមាន ៣ ពន្ទុ ខណៈអ្នកប្រដាល់ក្លិប ទ័ពពិសេស វេន សុភ័ក្រ្ត ស្ថិតនៅលេខ២ ។ សប្តាហ៍ទី២ អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក នៅថ្ងៃ សៅរ៍ សប្តាហ៍នេះចាប់ផ្តើមការប្រកួតពូល B វិញម្តងដោយមាន កីឡាករ សេក គឹមរួន ប៉ះជាមួយ ភុំ សារ៉ាយ ខណៈ ឡុង សំណាង ប្រកួតជាមួយ សូត្រ ខេវិន ។ ការប្រកួតចាប់ផ្តើមពីម៉ោង ៦ល្ងាច នឹងមានការផ្សាយផ្ទាល់នៅ CNC ៕