ឮថា Paulo Victor មិនទាន់លេងឲ្យវិសាខាបានទេ ព្រោះបញ្ហានេះ
ខ្សែបម្រើប្រយុទ្ធ Paulo Victor មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្រុមថ្មីវិសាខានៅឡើយទេចាប់តាំងពីចូលរួមក្រុមនេះនៅដើមរដូវកាល២០២២។
តាមពិតទៅ អតីតសមាជិកភ្នំពេញក្រោនដដែលនៅហាត់ជាមួយក្លិបថ្មីខាងលើធម្មតាទេ តែមិនអាចលេងបាន ព្រោះនៅជាប់បម្រាម៥ប្រកួត ពាក់ព័ន្ធទៅនឹងការប្រទូស្ដរាយ កាលឆ្នាំ២០២០នៅប្រកួតចុងក្រោយតទល់បឹងកេត។ កាលណោះគេនៅភ្នំពេញក្រោន។
ការពិន័យនេះត្រូវបានដាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ មានន័យថា ទោះបីជាគេផ្លាស់ទៅលេងនៅក្រៅប្រទេស ក៏បម្រាមនៅតែមិនអស់សុពលភាពដែរ ដោយត្រូវទុកអនុវត្តដដែលពេលគេត្រលប់មកកម្ពុជាវិញ។
គួរដឹងដែរថា ក្រោយចេញពីកម្ពុជា ចុងឆ្នាំ២០២០ Paulo Victor បានទៅលេងនៅបារ៉ែន និងប្រទេសកំណើតប្រេស៊ីល៕