កីឡាករប្រេស៊ីលឈប់នាំគ្នាតវារៀបចំ Copa America ក្នុងប្រទេសខ្លួន
ព្រឹត្តិការណ៍ Copa America ២០២១នឹងដំណើរការទៅតាមផែនការលើទឹកដីប្រេស៊ីល ខណៈកីឡាករជម្រើសជាតិប្រទេសនេះឈប់នាំគ្នាតវាវិញ។
តាមពិតទៅ ដំបូងឡើយ គឺក្រុមកីឡាករជម្រើសជាតិប្រេស៊ីលអត់សប្បាយចិត្តទេ និងប្រឆាំងចំពោះការផ្លាស់ប្ដូរមករៀបចំ Copa Amercia 2021 លើទឹកដីខ្លួន ព្រោះប្រទេសកំពុងមានបញ្ហាកូវីដ១៩ផង។
ប្រភពពី Globo Esporte ផ្សាយថា ការផ្លាស់ប្ដូរពីតវាមកចូលរួមវិញបែបនេះកើតឡើងបន្ទាប់ពីប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Rogerio Caboclo ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើបុគ្គលិកនារីម្នាក់។
ក្រុមកីឡាករប្រេស៊ីលមិនសូវជាចូលចិត្តលោក Caboclo ប៉ុន្មានទេ ព្រោះពួកគេគិតថា ប្រធានសហព័ន្ធរូបនេះនៅពីក្រោយនៃសេចក្ដីសម្រេចទទួលយក Copa America ដោយមិនបានសួរយោបល់ពីសមាជិកឯទៀត ហើយអត់មានធានាខុសត្រូវលើសុខមាលភាពទេ។
គួរបញ្ជាក់ថា Copa America 2021 នឹងដំណើរការពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា។ បើតាមផែនការដំបូង គឺត្រូវធ្វើឡើងនៅអាហ្សង់ទីន តែត្រូវបានផ្លាស់ប្ដូរទៅប្រេស៊ីលវិញដោយសារការរាលដាលជំងឺកូវីដ១៩ខ្លាំងពេក៕