Van De Beek អត់បានលេង EURO ទេដោយសាររបួស
Donny van de Beek ត្រូវបានប្រកាសដកខ្លួនពីព្រឹត្តិការណ៍ UEFA EURO 2020 ដោយសារបញ្ហារបួស។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់ហូឡង់។
ខ្សែបម្រើ Manchester United ខាងលើបានដកខ្លួន តែបើតាមសេចក្ដីថ្លែងការណ៍មកថា លោក Frank de Boer មិនបានកោះហៅអ្នកណាផ្សេងមកជំនួសទេ។
ទោះបីជាជាប់រូបថតក្នុងការហ្វឹកហាត់ van de Beek មិនបានចូលរួមការប្រកួតមិត្តភាពស្មើស្កុតលែន និងឈ្នះហ្សកហ្ស៊ីទេ។
ក្រៅពី van de Beek ហូឡង់ក៏នៅមានខ្សែបម្រើល្អៗផ្សេងទៀតដែរដូចជា Georginio Wijnaldum ដែលឡើងជើងប៉ុន្មានឆ្នាំចុងក្រោយ, Frankie de Jong របស់ Barcelona, Marten de Roon របស់ Atlanta ជាដើម។
ទន្ទឹមនឹងនេះក៏នៅមាន Teun Koopmeiners ក៏ទទួលបានជោគជ័យនៅ AZ Alkmaar ដោយគេរកបាន១៥គ្រាប់ក្នុងតំណែងជាខ្សែបម្រើ។
យុវជន Ryan Gravenberch ក៏កំពុងឡើងជើងដែរ ដោយគេរួមចំណែកយ៉ាងច្រើនសម្រាប់ Ajax Amsterdam ក្នុងវ័យត្រឹម១៩ឆ្នាំ។
ក្រុមជម្រើសជាតិហូឡង់ត្រូវបើកឆាកការប្រកួតវគ្គចែកពូលជាមួយអ៊ុយក្រែននៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា។ ពួកគេនឹងបន្តប៉ះអូទ្រីស ថ្ងៃទី១៧ ខែមិថុនា មុនបិទវគ្គចែកពូលជាមួយម៉ាសេដូនីខាងជើង នៅ៤ថ្ងៃបន្ទាប់៕