ឥណ្ឌូនេស៊ីកោះហៅ Ronaldo, Beckham និង Figo ចូល U23
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២៣ឆ្នាំ បានបន្ថែមកីឡាករមួយចំនួន ដូចជាខ្សែប្រយុទ្ធ Ronaldo Kwateh ខ្សែបម្រើ Beckham Putra និងខ្សែការពារ Achmad Figo សម្រាប់យុទ្ធនាការ AFF U23 Championship 2022 នៅពាក់កណ្តាលខែកុម្ភៈ។
Ronaldo Kwateh គឺជាកីឡាករក្មេងជាងគេ។ គេកើតនៅឆ្នាំ២០០៤ ហើយមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ។ Ronaldo Kwateh កំពុងលេងឱ្យ Madura United ក្នុងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនឹងនេះដែរ Beckham Putra គឺជាខ្សែបម្រើដែលកើតក្នុងឆ្នាំ២០០១ នៃក្លិប Persib Bandung ។ នៅអាយុ១៧ឆ្នាំ កីឡាកររូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំនៅក្លិបដែលជាជើងឯកលីគកំពូលឥណ្ឌូនេស៊ី។
ខ្សែការពារ Achmad Figo ក៏កើតក្នុងឆ្នាំ២០០១ និងលេងនៅក្លិប Arema Cronus ។ កីឡាកររូបនេះត្រូវបានដំឡើងចូលក្រុមធំដំបូងរបស់ Arema កាលពីឆ្នាំមុន ហើយបានលេង៣ប្រកួត។
អ្នកទាំង៣ធ្លាប់លេងនៅក្រុម U19 ឥណ្ឌូនេស៊ី។
U23 ឥណ្ឌូណេស៊ីដែលដឹកនាំដោយគ្រូបង្គោល Shin Tae-yong កំពុងហ្វឹកហាត់នៅកោះបាលី ពីថ្ងៃទី៣-៨ ខែកុម្ភៈ។ បន្ទាប់មក ពួកគេនឹងជិះយន្តហោះមកកម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ដើម្បីចូលរួមព្រឹត្តិការណ៍ AFF U23 Championship ឆ្នាំ២០២២។
ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ពូល A មាន កម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងប្រ៊ុយណេ។ ពូល C មានតែ៣ក្រុមទេ គឺថៃ វៀតណាម និងសិង្ហបុរី។
ការប្រកួតចាប់ផ្តើមពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ ឥណ្ឌូនេស៊ីជាក្រុមការពារជើងឯកដែលបានឈ្នះកាលឆ្នាំ២០១៩៕