មានក្រុមច្រើនណាស់ចង់បាន Erling Haaland ប៉ុន្តែលឺថាក្រុមនៅអាល្លឺម៉ង់មានភាគរយច្រើនជាងគេ
ប្រធានផ្នែកកីឡារបស់ក្រុមបាល់ទាត់ Salzburg លោក Christoph Freund បានចេញមកបញ្ចាក់ថា ខ្សែប្រយុទ្ធ Erling Haaland ពិតជាបានជួបចរចារជាមួយក្រុមខ្លាំងពីរនៅអាល្លឺម៉ង់ពិតមែន។
B.Dortmund និង RB Leipzig កំពុងដាក់គោលដៅខ្លំាងលើខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះសំរាប់ទីផ្សារទិញដូរកីឡាករក្នុងខែមករាខាងមុខនេះ។ នៅមានក្លឹបយក្សពីរទៀតរបស់ក្របខ័ណ្ឌបាល់ទាត់អង់គ្លេសក៏ចង់បាន Haaland ដែរ គឺបិសាចក្រហម Manchester United និងហង្សក្រហម Liverpool។
បើទោះជាក្រុមទាំងបួនខាងលើប្រជែងគ្នាចង់បានខ្សែប្រយុទ្ធចំនូលថ្មីមួយនេះក៏ដោយ ក៏សារពត័មានល្បីៗនៅអឺរ៉ុបវាយតម្លៃថា Haaland អាចនិងសម្រេចចិត្តប្រលូកអាជីពក្នុងក្របខ័ណ្ឌ Bundesliga មុនគេ។
បើសិនជាខ្សែប្រយុទ្ធជនជាតិ ន័រវេស ត្រូវចាកចេញក្នុងខែមករាមែននោះ វាមិនមែនជាការទិញដូរសម្រេចលើកទីមួយរបស់ Salzburg នោះទេ ព្រោះពួកគេបានចរចារសម្រេចផ្លូវការផ្ទេរខ្សែប្រយុទ្ធ Takumi Minamino អោយទៅ Liverpool រួចរាល់បាត់ទៅហើយ៕