គ្រូថៃនិយាយថា ឈ្នះ២គ្រាប់ពិតមែនប៉ុន្តែមិនទាន់ជោគជ័យនៅឡើយទេ ខណៈគ្រូវៀតណាមថាជើងទី២នឹងដឹងគ្នាហើយ
កាលពីម្សិលមិញ ក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិវៀតណាមដោយលទ្ធផល២ទល់នឹង០នៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១។
២គ្រាប់របស់ក្រុមរហស្សនាមដំរីសឹករកបានដោយខ្សែបម្រើ Chanathip Songkrasin នៅនាទីទី១៤ និងនាទីទី២ ខណៈដែលក្រុមការពារដំណែងជើងឯកព្យាយាមរកឱកាសវាយបកវិញផងដែរប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់ឡើយ។
ចប់ការប្រកួតគ្រូបង្វឹកក្រុមជើងឯក៥សម័យ Alexandre Polking បាននិយាយថា៖ “២គ្រាប់របស់យើងគឺជាគ្រាប់បាល់ដែលមានអត្ថប្រយោជន៍សម្រាប់ក្រុមក្នុងការបន្តទៅមុខទៀត ប៉ុន្តែវាមិនទាន់អាចនិយាយថាជាការជោគជ័យនៅឡើយទេ។ តាមពិតទៅបើសិនជាយើងឈ្នះ៣គ្រាប់នោះ អ្វីៗគឺនឹងក្លាយជារឿងដ៏ល្អបំផុតសម្រាប់ក្រុម ប៉ុន្តែអ្វីៗបានបញ្ចប់ហើយ ដូចនេះយើងត្រូវប្រឹងជាបន្តទៀតនៅប្រកួតក្រោយ។”
ដោយឡែកសម្រាប់គ្រូបង្វឹក Park Hang-seo របស់ក្រុមរហស្សនាមនាគក្រហមវិញក៏បាននិយាយដែរថា៖ “និយាយដោយស្មោះត្រង់ខ្ញុំមិនចង់និយាយរឿងកាត់ក្តីរបស់អជ្ញាកណ្តាលឡើយ។ សម្រាប់ការរបូត២គ្រាប់របស់យើងគឺជាកំហុសរបស់យើងដែលធ្វើឱ្យភ្លាត់គ្រាប់បាល់ ប៉ុន្តែយើងបានខិតខំយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ ដូចនេះយើងត្រូវខិតខំជាបន្តទៀតសម្រាប់ការប្រកួតជើងទី២ជាបន្តទៀត។”
គួរឱ្យដឹងថា វៀតណាមនឹងត្រូវប្រកួតជើងទី២ក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងថៃនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះនាកីឡដ្ឋានជាតិរបស់សឹង្ហបុរី។