Privat ទៅដល់ឥណ្ឌូនេស៊ីហើយក្រោយព្រមព្រៀងផ្លាស់ទៅ Bali United
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Privat Mbarga ទៅកាន់ Bali United ក្នុងក្របខណ្ឌកំពូលឥណ្ឌូនេស៊ី។
បើតាមប្រភពពីព្រះខ័នរាជស្វាយរៀង កីឡាករជនជាតិកាមេរូនខាងលើបានទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីបញ្ចប់ការចុះហត្ថលេខាលើកិច្ចសន្យានៅក្លិបថ្មី តែគេមិនទាន់ដឹងច្បាស់ពីរយៈពេលទេ។
គួររំឭកថា Privat Mbarga មកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៣ ដោយលេងនៅបឹងកេត និងផ្លាស់ទៅវេស្ទើន ឆ្នាំ២០១៤, ២០១៥នៅខេមបូឌានថាយហ្គឺរ និង២០១៦នៅណាហ្គាវើលដ៍។ គេក៏ធ្លាប់លេងនៅក្លិបថៃ Samut Prakan ឆ្នាំ២០១៧ មុនវិលមកកម្ពុជាវិញ ឆ្នាំ២០១៨ នៅអាស៊ីអឺរ៉ុបយូណាយធីត។
កីឡាករវ័យ២៩ឆ្នាំបានផ្ទេរទៅព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ដែលគេរួមចំណែកឈ្នះជើងឯកលីគកំពូលក្នុងឆ្នាំដដែល។
Privat ធ្លាប់បានស្បែកជើងមាសលីគកំពូលកម្ពុជា២ដង ក្នុងឆ្នាំ២០១៩ និង២០២០ បូករួមទាំងកីឡាករល្អប្រចាំឆ្នាំ២០១៩ និង២០២១។
និយាយពីក្លិបឥណ្ឌូនេស៊ី Bali United វិញ បច្ចុប្បន្នកំពុងស្ថិតនៅលំដាប់ទី៥នៃក្របខណ្ឌកំពូលឥណ្ឌូនេស៊ី។ ក្លិបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ និងធ្លាប់ឈ្នះជើងឯកលីគកំពូល ឆ្នាំ២០១៩។
ក្នុងការប្រកួតពានរង្វាន់ AFC Cup 2020 Bali United បានចាញ់ព្រះខ័នរាជស្វាយរៀង ២ទល់នឹង១ ក្នុងវគ្គចែកពូល នៅរាជធានីភ្នំពេញ ដែលកាលណោះ Privat ជាអ្នករកបានគ្រាប់ទី២៕