JM៖ Ozil ថាគេសុខចិត្តឈប់លេងបាល់ បើឱ្យផ្លាស់មក Spurs ចុះមានសួរថាខ្ញុំចង់បានគេអត់?
កាលពីប៉ុន្មានថ្ងៃនេះ នៅបណ្តាញសង្គម Twitter ក្នុងការឆ្លើយសំណួរនៅគណនីផ្ទាល់ខ្លួនជាមួយនឹងអ្នកគាំទ្រ ខ្សែបម្រើ Mesut Ozil បាននិយាយថាខ្លួនសុខចិត្តចូលនិវត្តន៍ពីពិភពបាល់ទាត់ជាមួយ Arsenal ក៏មិនអាចផ្លាស់ទៅកាន់ Tottenham Hotspurs ដែរ។
ការនិយាយបែបនេះគឺដោយសារតែ អតីតសមាជិក Schalke 04, Werder Bremen និង Real Madrid កំពុងតែស្ថិតនៅក្នុងការចាកចេញពីទឹកដី Emirate នៅខែមករានេះ ព្រោះមិនបានស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹក Mikel Arteta ទៀត។
យ៉ាងណាក្តី នៅក្នុងសន្និសិទសារព័ត៌មានរបស់ក្លឹបមុនប្រកួត អ្នកកាសែតមួយរូបបានជួយនាំពាក្យសួរទៅលោក Jose Mourinho ថា៖ “Mesut Ozil ថាគេសុខចិត្តចូលនិវត្តន៍ជាមួយ Arsenal ក៏មិនផ្លាស់មកកាន់ Tottenham Hotspurs ដែរ? គ្រូបង្វឹករហស្សនាម The Special One ក៏បានឆ្លើយភ្លាមៗវិញថា៖ តើនៅ Tottenham នរណាត្រូវការគេវិញដែរ?”
គួរឱ្យដឹងផងដែរថា ខ្សែបម្រើ Mesut Ozil ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅកាន់ Fenerbahce នៅក្របខ័ណ្ឌកំពូលរបស់ទួរគីនៅពេលខាងមុខនេះក្នុងទីផ្សារដោះដូរកីឡាករខែមករា។