ប្រធានក្លិប Barcelona លាឈប់ពីតំណែងហើយ
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និងក្រុមប្រឹក្សាភិបាលរបស់លោកបានលាឈប់ពីតំណែងហើយ បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលា។
លោក Bartomeu បានសម្រេចចិត្តបែបនេះមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តចំពោះលោកដែលគ្រោងរៀបចំឡើងនៅដើមខែវិច្ឆិកា ខាងមុខ។
ទោះបង្ហាញជំហរតឹងរឹងកាលថ្ងៃចន្ទដោយនិយាយថា ការលាឈប់មិនស្ថិតក្នុងចិត្តខ្លួននោះ លោក Bartomeu បានប្ដូរការសម្រេចចិត្តវិញ ដោយចុះចេញពីតំណែងដែលលោកបានកាន់កាប់រយៈពេល៦ឆ្នាំ។
បញ្ហារបស់ Lionel Messi, លទ្ធផលមិនល្អលើទីលាន, ភាពតានតឹងជាមួយអ្នកគាំទ្រ និងស្ថានភាពសេដកិច្ចក្លិបបានធ្វើឲ្យលោក Bartomeu ស្ថិតក្នុងស្ថានភាពផុយស្រួយ។ គម្រោងបោះឆ្នោតដកទំនុកចិត្តត្រូវប្រមូលបាន១៦០០០សន្លឹកទៅហើយ។
តាមពិតទៅ រដ្ឋាភិបាលកាតាឡូនីប្រកាសថា ការបោះឆ្នោតអាចប្រព្រឹត្តទៅបានទោះមានការព្រួយបារម្ភពីជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យលោក Bartomeu លាឈប់តែម្ដង។
លោក Bartomeu បានចូលកាន់តំណែងជាប្រធានក្លិប FC Barcelona នៅខែមករា ឆ្នាំ២០១៤ ក្រោយការចុះចេញពីតំណែងរបស់លោក Sandro Rosell ដោយសារក្ដីក្ដាំនៅក្លិប៕