វិសាខាផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេង គី រីណា ពីព្រៃវែងអេហ្វស៊ី
ក្លិបបាល់ទាត់វិសាខា បានប្រកាសពីការផ្ទេរយកខ្សែប្រយុទ្ធ គី រីណា ពីព្រៃវែងអេហ្វស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ នេះ។
យុវជនមានកំណើតនៅខេត្តបាត់ដំបងបានចូលរួមជាមួយវិសាខា ឈុត U18 កាលឆ្នាំ២០១៨ ក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី។
កីឡាករវ័យ១៩ឆ្នាំត្រូវបានវិសាខាឲ្យព្រៃវែងអេហ្វស៊ីខ្ចីកាលដើមឆ្នាំ២០២០ សម្រាប់ប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។ គេក៏បានចូលរួមជាមួយព្រៃវែងជាអចិន្ត្រៃយ៍ពេលដំណើរការ Cambodian League 2020 និងរួមចំណែកជួយក្រុមនេះឈ្នះជើងឯក ឡើងទៅលីគកំពូល២០២១។
ក្នុងរដូវកាល២០២១នៅ MCL គី រីណា រកបាន៤គ្រាប់ និងជាប់ជម្រើសជាតិកម្ពុជា កាលខែតុលា កន្លងទៅ៕