ប៉ះឡាវថ្ងៃនេះ គ្រូកម្ពុជា ថា មានឱកាសយកបាន៣ពិន្ទុ
កម្ពុជា និងឡាវ ប៉ះគ្នានៅថ្ងៃពុធ ទី១៥ ខែធ្នូនេះហើយក្នុងការប្រកួត AFF Cup 2020 ហើយយ៉ាងហោចណាស់មានមួយក្រុមត្រូវធានាបានពិន្ទុដំបូងរបស់ពួកគេក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមទាំង២ក៏អាចនឹងដាក់ជើងក្មេងៗចូលលេងដើម្បីសម្លឹងឆ្ពោះទៅអនាគតដែរ តែយ៉ាងណា ជ័យជម្នះក្នុងការប្រកួតនេះក៏អាចជាកម្លាំងចិត្តសម្រាប់ភាគីទាំងសងខាង។
សម្រាប់កម្ពុជា លោក Ryu Hirose ដែលជាគ្រូបង្គោលនៅតែផ្ដោតលើការគ្រប់គ្រងបាល់ដដែល។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបាននិយាយថា “៖នេះជាការប្រកួតដែលយើងមានឱកាសឈ្នះលើកដំបូង ហើយក៏ជាគោលដៅរបស់យើងដែលត្រូវឈ្នះ។ យើងមានតុល្យភាពទាំងការប្រយុទ្ធ និងការការពារ ប៉ុន្តែយើងចង់ដាក់សម្ពាធលើពួកគេ ដើម្បីគ្រប់គ្រងបាល់ឲ្យបានច្រើន។ ការគ្រប់គ្រងបាល់នោះមិនត្រឹមតែនៅតំបន់ប្រយុទ្ធទេ ប៉ុន្តែនៅគ្រប់ផ្នែកទាំងអស់ ទាំងបម្រើ និងការពារដែរ និយាយទៅពីក្រោមដល់លើ។”
ឡាវក៏ស្វាគមន៍ជំនួបតទល់ក្រុមជិតខាងមួយនេះ ដោយកម្ពុជាជាក្រុមតែមួយគត់ដែលពួកគេធ្លាប់ឈ្នះក្នុងពានរង្វាន់ AFF Suzuki Cup។
គ្រូបង្គោល V. Selvaraj បាននិយាយថា វានឹងក្លាយជាទឹកចិត្តមួយសម្រាប់ជាតិ ប្រសិនបើពួកគេអាចផ្តួលកម្ពុជាម្តងទៀតក្នុងការប្រកួតចុងក្រោយក្នុងពូលនៅ AFF Cup 2020។
លោកបាននិយាយថា “៖ពួកគេមានបទពិសោធច្រើនជាងយើង ប៉ុន្តែយើងមានផែនការប្រកួតដែលយើងជឿជាក់ថានឹងដំណើរការបានល្អ”នេះគឺជាការប្រកួតប្រជែងដ៏ធំមួយយ៉ាងប្រាកដ ហើយអ្វីដែលយើងបានបន្សល់ទុកគឺមោទកភាព។ យើងមានក្រុមដ៏វ័យក្មេង ហើយយើងចង់ឲ្យពួកគេបានបង្ហាញ ប៉ុន្តែយើងត្រូវតែលេងឲ្យបានខ្លាំងតាមដែលយើងអាចធ្វើទៅបាន។”
កម្ពុជាប្រកួតបាន២លើក ដោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈឡាវ ប្រកួត៣ដង ចាញ់ទាំង៣ បានធ្លាក់មុនកម្ពុជារួចទៅហើយ។ ការប្រកួតយប់នេះនឹងប្រព្រឹត្តទៅនៅម៉ោង៤និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា៕