
Danny Rose លែងចង់ទៅណាក្រៅពីនៅជាមួយក្លឹប Tottenham Hot Spur
(BC-99)
Danny Rose នៅតែបន្តរង់ចាំឱកាសដើម្បីបានប្រកួតនៅចំពោះមុខអ្នកគាំទ្ររបស់ Tottenham ម្តងទៀតហើយក៏រីករាយនឹងកិច្ចសន្យារបស់ខ្លួនដែលនៅសេសសល់ជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងមួយនេះ។
ខ្សែការពារស្លាបឆ្វេងរបស់អង់គ្លេសបានចំណាយពេលពាក់កណ្តាលរដូវកាលឆ្នាំ ២០១៩-២០ ក្នុងក្របខ័ណ្ឌ Premier League ក្នុងការបំពេញមុខងារជាកីឡាករខ្ចីជើងនៅក្លិប Newcastle United បន្ទាប់ពីលោក Jose Mourinho បានបាត់បង់ទំនុកចិត្តលើទម្រង់លេងរបស់រូបគេ។
ប្រាប់ទៅទូរទស្សន៍ BBC Radio 5 Live កីឡាកររូបនេះបានធ្វើការអះអាងថា រូបគេមានអារម្មណ៍ថាលោក Jose ដែលឡើងមកកាន់មុខតំណែងលោក Pochettino មិនត្រូវបានផ្តល់ឱកាសអោយនរូបគេបានចូលប្រកួតអោយបានច្រើនដូចជាខ្សែការពារដទៃទៀឡើយ។
Rose ដែលបានចុះកុងត្រាជាមួយ Spurs តាំងពីឆ្នាំ ២០០៧ រហូតដល់ខែមិថុនាឆ្នាំ ២០២១ ខាងមុខនេះបានបន្តប្រាប់អ្នកសារព័ត៌មានទៀតថាគេមិនបានបោះបង់ចោលក្តីសង្ឃឹមក្នុងការត្រឡប់មកធ្វើជាកីឡាករបាល់ទាត់នៅកីឡដ្ឋាន Tottenham Hotspur ឡើយ។
អតីតកីឡាករ Leeds United រូបនេះបាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានស្នាក់នៅ Tottenham និងបានលេងក្នុងរយៈពេល ១០ ខែ ១១ ខែចុងក្រោយ របស់ខ្ញុំជាមួយក្លឹប។ ខ្ញុំពិតជាពេញចិត្តណាស់។ គ្មានអ្វីដែលខ្ញុំចង់បានជាងការលេងអោយមាន់ខ្នាយមាសម្តងទៀតនៅចំពោះមុខអ្នកគាំទ្រឡើយ។ ការប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ Spurs គឺការចាញ់ Liverpool ១-០ ហើយនៅពេលនោះខ្ញុំមិនបានដឹងថាវាបានក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំសម្រាប់ Spurs នោះទេ”។
គួរអោយកត់សម្គាល់ថា Danny Rose ធ្លាប់ត្រូវបានក្រុម បិសាចក្រហម Manchester United ចង់បានយកទៅលេងនៅ Old Trafford នាអំឡុងពេលដែលរូបគេបានតដើរតួនាទីយ៉ាងសំខាន់ក្រោមការដឹកនាំរបស់លោក Pochettino និងបានក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិ អង់គ្លេស ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 តែមកដល់ពេលបច្ចុប្បន្នកីឡាករវ័យ៣០ឆ្នាំរូបនេះនៅតែមានស្វាមីភាពជាមួយ Tottenham Hot Spur ដដែល។