De Gea បញ្ចេញកំហឹងពេលដើរចូលបន្ទប់សម្រាក
អ្នកចាំទី David De Gea បានបញ្ចេញអារម្មណ៍ខឹងយ៉ាងខ្លាំង និងថែមទាំងវាយដំបូលច្រកចូលមួយដៃថែមទៀត អំឡុងដើរចូលបន្ទប់សម្រាក ពេលចប់វគ្គទី១ ដែល Manchester United ត្រូវបាន Manchester City នាំមុខ០ទល់នឹង២។
គេមើលឃើញថា De Gea ប្រឹងប្រែងយ៉ាងខ្លាំងក្នុងវគ្គទី១។ គេជួយសង្គ្រោះបាល់យ៉ាងច្រើន តែបែរជាមកត្រូវរបូតដោយសារខ្សែការពារគ្នាឯងទៅវិញ។
ក្នុងនាទីទី០៧ Eric Bailly ធ្វើឲ្យបាល់ចូលទីខ្លួនឯង។ ដល់នាទី៤៥ Luke Shaw មើលការបញ្ជូនបាល់ពីមុខគេ ហើយបែរមិនទាន់ ពេល Bernardo Silva ទាត់បញ្ចូលទី។
Bruno Fernandes បាននិយាយក្រោយការប្រកួតថា “៖យើងត្រូវតែជួយការពារទីរបស់ De Gea វាប្រសើរជាង។ មិនមែនឲ្យគាត់ជួយ៨-៩បាល់ក្នុងមួយប្រកួតម្នាក់ឯងអ៊ីចឹងទេ។”
Eric Bailly បានបង្ហាញការខកចិត្តចំពោះកំហុសខ្លួនឯងក្នុងការប្រកួតដែលរូបគេជាប់ជម្រើស១១នាក់នៅ Premier League លើកដំបូង។ គេថា គេខកចិត្តចិត្តជាងនរណាទាំងអស់ និងមិនមានអ្វីដោះសារទេ។
១៤ប្រកួតក្នុងដីជាប់គ្នាហើយដែល Man UTD មិនអាចរក្សា clean sheet បាន និងជាកំណត់ត្រាអាក្រក់បំផុតតាំងពីឆ្នាំ១៩៥៩មក។
ក្រោមការគ្រប់គ្រងរបស់លោក Solskjaer មាន៥៥ប្រកួតក្នុងដី តែចាញ់ដលទៅ១៣ដងទៅហើយ ស្មើ២១ភាគរយនៃស្ថិតិចាញ់សរុបក្នុងការប្រកួត Premier League៕