Bruno ផ្ដាំមិត្តរួមក្រុម Man UTD ឲ្យចេះឆ្លុះកញ្ចក់មើលខ្លួនឯងផង
កីឡាករ Manchester United ត្រូវចេះឆ្លុះកញ្ចក់មើលខ្លួនឯង ព្រោះអ្នករាល់គ្នាមានកម្រិតមិនដល់ Manchester City ទេ។ នេះជាការថ្លែងរបស់ខ្សែបម្រើ Bruno Fernandes។ គេថា បរាជ័យ០ទល់នឹង២ក្រោមថ្វីជើង Man City បានបញ្ជាក់ច្បាស់ណាស់ទៅហើយ។
ការចាញ់ដល់ទៅ៤ដងក្នុងក្របខណ្ឌ Premier League បានបង្កើនសម្ពាធថែមទៀតដល់អ្នកចាត់ការ Ole Gunnar Solskjaer និងកីឡាករបិសាចក្រហម។
Fernandes និយាយថា “៖ មិនបាច់ចាំនិយាយអីច្រើនពេកទេ សំខាន់ធ្វើឲ្យបានច្រើន។ ដូចខ្ញុំនិយាយដដែលអ៊ីចឹង យើងត្រូវតែផ្លាស់ប្ដូរ ព្រោះវាដដែលពេក។ អ្វីដែលយើងបានធ្វើ វាមិនទាន់គ្រប់គ្រាន់ទេ។”
Manchester City មាន possession ដល់ទៅ៦៨ភាគរយ ហើយក៏អាចគ្រប់គ្រងទីលានបានច្រើនជាង និងរត់បានច្រើនជាងទៀតផង។
Ferandes បន្ថែមថា “៖ ប្រសិនបើយើងចង់លេងដល់កម្រិត Man City យ់ើងត្រូវតែប្រឹងថែមទៀត ព្រោះពួកគេបង្ហាញថា ពួកគេមានកម្រិតលើសយើងទៅហើយ។ យើងត្រូវតែចេះសម្លឹងមើលគេផង។ យើងត្រូវចេះឆ្លុះកញ្ចក់មើលថា យើងបានធ្វើអ្វីខុស។ យើងមិនអាចផ្លាស់ប្ដូរចិត្តគំនិតបានទេ តែត្រូវចេះគិតមើលខ្លួនឯងថា ធ្វើម៉េចឲ្យបានប្រសើរ។”