
ជប៉ុន-សេណេហ្គាល់៖ ក្រុមបាល់ទាត់ ឈ្នះការប្រកួត អ្នកគាំទ្រ ឈ្នះការសរសើរ
ក្នុងការប្រកួតសន្សំពិន្ទុ វគ្គជម្រុះក្នុងពូល H នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងសេណេហ្គាល់ បានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើល តាមរយៈជ័យជម្នះ ដោយរកបានម្នាក់ ៣ពិន្ទុ ពីក្រុមខ្លាំងៗមកពីអឺរុប និងអាមេរិកឡាទីន។
មិនត្រឹមតែជ័យជម្នះសម្រាប់ក្រុមបាល់ទាត់នោះទេ សូម្បីតែក្រុមអ្នកគាំទ្រនៃប្រទេសទាំង ២ ក៏ទទួលបានការសរសើរពីសកម្មភាពអនាម័យរបស់ពួកគេផងដែរ។ ក្រោយចប់ការប្រកួត អ្នកគាំទ្រជប៉ុន និងសេណេហ្គាល់ បាននាំគ្នាប្រមូលសម្រាម និងសំណល់ ដែលសេសសល់ពីការបរិភោគចំណីអាហារ និងទឹក ក្នុងអំឡុងពេលទស្សនាការប្រកួតបាល់ទាត់។
រូបភាពអនាម័យខ្ពស់ តាមរយៈការសម្អាតក្នុងកីឡដ្ឋាន ក្រោយការប្រកួតបាល់ទាត់នេះ ប្រហែលជាមិនមែនជារឿងថ្មីនោះទេ សម្រាប់អ្នកគាំទ្រជប៉ុន ព្រោះថាជារឿយៗពួកគេតែងតែធ្វើបែបនេះ។ អ្នកគាំទ្រជប៉ុន បាននិយាយថា វាគឺជាប្រពៃណីរបស់ពួកគេ ដែលត្រូវតែមានអនាម័យគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីបង្ហាញថាអនាម័យ គឺជាការចាំបាច់បំផុត។
ប៉ុន្តែសម្រាប់សេណេហ្គាល់ នេះអាចជាលើកដំបូង ដែលអ្នកគាំទ្រ បាននាំគ្នាប្រមូលសម្រាមដើម្បីអបអរលើជ័យជម្នះដ៏កម្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិខ្លួន។ យ៉ាងណាក៏ដោយ សេណេហ្គាល់ពេលនេះ មិនត្រឹមតែអនាម័យនោះទេដែលត្រូវបានទទួលការសរសើរ សូម្បីតែរបៀបរបបដែលពួកគេ អង្គុយឈរ និងតុបតែងខ្លួន ក៏ត្រូវបានសរសើរថា មានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។ វាជារឿងកម្រមួយ ដែលជនជាតិស្បែកខ្មៅ បានទទួលការគាំទ្រខ្លាំង ព្រោះថាពួកគេកន្លងមក តែងត្រូវបានមជ្ឈដ្ឋានមួយចំនួន រើសអើងចំពោះពណ៌សម្បុរពួកគេ។
សូមបញ្ជាក់ថា ក្នុងការប្រកួតកាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានប្រកួតឈ្នះជាលើកដំបូងលើក្រុមមកពីអាមេរិកឡាទីន កូឡុំប៊ី ដោយលទ្ធផល ២ទល់នឹង ១ ខណៈក្រុមមកពីអាហ្វ្រិក សេណេហ្គាល់ ក៏បានប្រកួតឈ្នះដ៏គួរឲ្យអស្ចារ្យលើក្រុមមកពីអឺរុប បូឡូញ ដោយលទ្ធផល ២ទល់នឹង១ ដូចគ្នា។ និយាយរួមទាំងក្រុមជម្រើសជាតិ និងអ្នកគាំទ្រ គឺបានឈ្នះដូចគ្នា ដោយមួយឈ្នះពិន្ទុ ហើយមួយទៀតឈ្នះការសរសើរ៕