FC Barcelona ធ្វើការទាក់ទងគ្រូបង្វឹកថ្មីម្នាក់ភ្លាមៗ ក្រោយបញ្ចប់តំណែងលោក Ronald Koeman
FC Barcelona បានសម្រេចបញ្ចប់តំណែងគ្រូបង្វឹក Ronald Koeman ភ្លាមៗ ក្រោយពីដឹកនាំក្រុមបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Rayo Vallecano ១ទល់នឹង០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga សប្តាហ៍ទី១០។
មូលហេតុដែលបុរសជាតិហូឡង់ត្រូវបានក្រុមរហស្សនាមអ្នកមានបុណ្យបញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនបានល្អទាល់តែសោះ ដោយបរាជ័យ៣លើកក្នុងចំណោម៤ប្រកួតចុងក្រោយ។
បច្ចុប្បន្ននេះ FC Barcelona កំពុងស្ថិតនៅលេខ៩ក្នុងតារាងពិន្ទុ La Liga មាន១៥ពិន្ទុ ពីការលេង១០ប្រកួត។ សម្រាប់នៅ Champions League វិញពួកគេស្ថិតនៅលេខ៣ មាន៣ពិន្ទុគត់ពីការលេង៣ប្រកួត។
គិតមកទល់ពេលនេះ យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថា ក្រុមជើងឯក La Liga ២៦សម័យបានធ្វើការទាក់ទងជាមួយគ្រូបង្វឹកថ្មីហើយដើម្បីមកកាន់តំណែងដែលទំនេរនៅទឹកដី Camp Nou គឺអតីតខ្សែបម្រើ Xavi ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹកនៅ Al Sadd SC ក្នុងក្របខ័ណ្ឌកំពូលកាតា។ ដោយឡែកសម្រាប់បេក្ខភាព៣រូបផ្សេងៗដែល Bareclona ធ្វើការទាក់ទងដូចគ្នាផងដែរគឺគ្រូបង្វឹក Antonio Conte, Phillip Cocu ដែលកំពុងទំនេរមិនមានការងារ និងគ្រូបង្វឹកប៊ែលហ្ស៊ិកRoberto Martinez ផងដែរ។
គួរឱ្យដឹងថា ក្រោយចាកចេញពីទឹកដីកាតាឡាន់ Xavi បានទៅកាន់តំណែងជាគ្រូបង្វឹកនៅ Al Sadd SC ក្នុងឆ្នាំ២០១៩ ដោយរយៈពេល៣រដូវកាលមកនេះបានឈ្នះពានរង្វាន់ចំនួន៧គ្រឿងហើយ។