ហ្វេន Newcastle ថាមិនចង់បាន Messi, Ronaldo អីទេ តែចង់បានតែរឿងម្យ៉ាងនេះ
អ្នកគាំទ្រ Newcastle United បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំងក្រោយមូលនិធិ Public Investment Fund របស់អារ៉ាប៊ីសាអ៊ូឌីត ចូលគ្រប់គ្រងក្លិបក្នុងនាមម្ចាស់ថ្មីជំនួសក្រុមហ៊ុនលោក Mike Ashley ក្នុងតម្លៃ៣០៥លានផោន។
ដំណើរការទិញក្លិបដោយ Public Investment Fund ត្រូវបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ហើយអ្នកគាំទ្របានពពាក់ពពូនគ្នានៅមុខកីឡដ្ឋាន St.James’s Park ដើម្បីបង្ហាញការអបអរសាទរ។ លោក Mike Ashley ដែលជាប្រធានក្លិបចាស់មិនមានប្រជាប្រិយភាពទេអំឡុងការដឹកនាំរយៈពេល១៤ឆ្នាំមក រហូតទាល់តែមានការដាក់ទុនទិញយកពីក្រុមហ៊ុន Public Investment Fund។
អ្នកគាំទ្រក្រុមសារិកាព្រៃមួយរូបនិយាយថា “៖ខ្ញុំមិនរំពឹងចង់បាន (Erling) Haaland ឬ (Lionel) Messi ឬ (Cristiano) Ronaldo ព្រោះមិនជាអ្វីដែលយើងចង់បាន។ អ្វីដែលសំខាន់នោះ គឺចង់ឲ្យមានការប្រកួតប្រជែងខ្ពស់ដែលអាចផ្ដល់ដល់យើងនូវមោទកភាព។”
អ្នកគាំទ្រ Newcastle United ក៏មិនរំពឹងថា ២រដូវកាល ក្រុមរបស់ខ្លួនអាចជោគជ័យខ្លាំងក្លាដែរ ដោយសូមត្រឹមស្ថិតក្នុងចំណោមក្រុមកំពូលទាំង១០ប៉ុណ្ណោះ៕