កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់រួចរាល់ ១០០% ហើយ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះ គ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក… ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
សម្រាប់កីឡដ្ឋានធំវិញ គឺមានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕ ប្រភព CAMSOC